លោក Xi Jinping៖ ការបើកផ្លូវសិក្សាសម្រាប់សិស្សានុសិស្សនៅតំបន់ខ្ពង់រាប

07-04-2026 18:03

(ប៉េកាំង)៖ ការអប់រំគឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងប្រទេសដ៏ខ្លាំងក្លា និងការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ។
ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីររបស់ចិនឆ្នាំ ២០២៥ ប្រធានរដ្ឋចិនលោក Xi Jinpingបានពិភាក្សាអំពីការអប់រំ ជាមួយសមាជិកសភាទាំងឡាយ ដោយសង្កត់ធ្ងន់ថា "យើងត្រូវតែយល់ឲ្យស៊ីជម្រៅអំពីតម្រូវការ នៃការធ្វើទំនើបកម្មតាមបែបផែនចិន ចំពោះការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស​ ដើម្បីពង្រឹងតួនាទីគាំទ្រនៃការអប់រំចំពោះវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស"

លោក Zeng Qiang នាយកសាលាមធ្យមសិក្សាជនជាតិ Guoluo ​ទីក្រុង Xining ខេត្ត Qinghai បានមានប្រសាសន៍ថា "ក្នុងអំឡុងពេលនៃមហាស្និបាតសភាទាំងពីរឆ្នាំមុន លោកអគ្គលេខាធិការបក្សបានលើកឡើងសំណូមពរចំពោះការបង្កើត និងកែលម្អយន្តការបែងចែកធនធានអប់រំដែលកាន់តែសមហេតុផល និងមានប្រសិទ្ធភាពជាងមុន ។ បច្ចុប្បន្ននេះ ការផ្លាស់ប្តូរទំហំប្រជាជនដែលមានអាយុចូលរៀន និងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បាននាំមកនូវបញ្ហាប្រឈមថ្មីៗ សម្រាប់ការអប់រំ។ ការយកចិត្តទុកដាក់របស់លោកអគ្គលេខាធិការបក្ស​បានផ្តល់ឱ្យយើងនូវជំនឿចិត្តកាន់តែច្រើនក្នុងការធ្វើការអប់រំឱ្យ​បានល្អ"

សាលានេះ ដែលត្រូវបានសាងសង់ឡើងដោយមានជំនួយពី ទីក្រុងសៀងហៃ បានចុះឈ្មោះសិស្សជាង ២០០០ នាក់ដែលមកពីតំបន់ខ្ពង់រាបចាប់តាំងពីការបើកដំណើរការនៅឆ្នាំ ២០១៩ មក ក្នុងនោះភាគច្រើនមកពីតំបន់ខ្ពង់រាប Guoluo ដែលមានរយៈកម្ពស់ជាង ៤២០០ ម៉ែត្រ ដែលបានកសាងស្ពានមួយឆ្ពោះទៅរកអនាគតសម្រាប់សិស្សានុសិស្សនៅតំបន់ខ្ពង់រាប។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សាលាមធ្យមសិក្សាជនជាតិ Guoluo បានមានការផ្លាស់ប្តូរជាច្រើន៖ សាលាបានបន្ថែមឧបករណ៍បង្រៀនឆ្លាតវៃ និងឧបករណ៍ប្រឌិតធ្វើពិសោធន៍ជាច្រើនឈុត ហើយគ្រូបង្រៀនឆ្នើមៗមួយចំនួន មកពីទីក្រុងសៀងហៃបានមកផ្តល់ជំនួយ ដោយគ្របដណ្តប់លើមុខវិជ្ជាជាច្រើនដូចជា គីមីវិទ្យា និងកីឡាជាដើម​ដែលធ្វើឱ្យ គោលគំនិតបង្រៀនជឿនលឿនត្រូវបានចាក់ឫសនៅទីនេះ។

ការអភិវឌ្ឍនៃការអប់រំបានធ្វើឱ្យក្តីស្រមៃរបស់កុមារនៅលើខ្ពង់រាបកាន់តែច្បាស់។ ដូចសិស្សម្នាក់បាននិយាយថា "សាលានេះបានពង្រីកការយល់ដឹងរបស់ខ្ញុំ និងធ្វើឱ្យខ្ញុំមានការគិតពិចារណាកាន់តែច្រើន។ ខ្ញុំសង្ឃឹមថានឹងអាចចូលរៀន នៅមហាវិទ្យាល័យគរុកោសល្យហើយបន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំនឹងត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់"

វិទ្យុមិត្តភាពកម្ពុជាចិន