អ៉ីរ៉ង់ ប្រកាសកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយអាមេរិក មុនពេលឱសានវាទរបស់លោក ត្រាំ មកដល់
07-04-2026 22:21
(តេហេរ៉ង់)៖ ទីភ្នាក់ងារព័ត៌មាន Tehran Times បានរាយការណ៍ថា ប្រទេសអ៉ីរ៉ង់បានសម្រេចចិត្តកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនងការទូត និងការចរចាដោយផ្ទាល់ ឬដោយប្រយោលទាំងអស់ជាមួយសហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍នេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលឱសានវាទដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកំណត់ឱ្យអ៉ីរ៉ង់បើកច្រកសមុទ្រ ហ័រមូស (Hormuz) ឡើងវិញ ត្រូវឈានចូលមកដល់។
តាមរយៈសារលើបណ្តាញសង្គម Truth Social លោក ត្រាំ បានចេញសារព្រមានដ៏រន្ធត់បំផុតថា យប់នេះគឺជា «គ្រាដ៏សំខាន់បំផុតមួយ» នៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ លោកបានព្រមានយ៉ាងដាច់អហង្ការថា «អរិយធម៌ទាំងមូលនឹងត្រូវវិនាសនៅយប់នេះ ហើយនឹងមិនអាចវិលត្រឡប់មកវិញបានឡើយ។ ខ្ញុំមិនចង់ឱ្យរឿងនេះកើតឡើងទេ ប៉ុន្តែវានឹងកើតឡើង»។
គួរបញ្ជាក់ថា ការសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងរបស់អ៉ីរ៉ង់នៅពេលនេះ គឺជាសញ្ញាណដ៏គ្រោះថ្នាក់បំផុតមួយ ដែលបង្ហាញថា ទីក្រុងតេហេរ៉ង់បានបិទគ្រប់ច្រកល្ហកនៃការចរចា ហើយកំពុងត្រៀមខ្លួនប្រឈមមុខនឹង «យប់ដ៏សោកនាដកម្ម» ដែលលោក ត្រាំ បានព្រមាន៕




