កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគ ខណៈព្យុងយ៉ាងច្រានចោលក្ដីសង្ឃឹមការទូតរបស់កូរ៉េខាងត្បូង (Video inside)

08-04-2026 08:42

(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគជាច្រើនគ្រាប់ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងបរិបទដែលកូរ៉េខាងត្បូងកំពុង ព្យាយាមស្វះស្វែងបើកកិច្ចចរចាឡើងវិញជាមួយទីក្រុងព្យុងយ៉ាងដើម្បីបន្ធូរបន្ថយភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap។

តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគចេញពីតំបន់ Wonsan នៅម៉ោង ៨៖៥០នាទីព្រឹក ហើយនេះជាការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគជាលើកទី៤ នៅក្នុងឆ្នាំនេះ។ យោធាកូរ៉េខាងត្បូងក៏បានឱ្យដឹងដែរថាកាលពីថ្ងៃអង្គារម្សិលមិញ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ចេញពីទីក្រុងព្យុងយ៉ាង តែមកទល់នឹងពេលនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងកូរ៉េខាងត្បូងកំពុងធ្វើការវិភាគលើការធ្វើតេស្ដមីស៊ីលនេះនៅឡើយ។

យ៉ាងណាក៏ដោយ បើតាម Yonhap មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដកាលពីថ្ងៃអង្គារ បានហោះឆ្ពោះទៅទិសខាងកើត មុននឹងមានសញ្ញាមិនប្រក្រតីកើតឡើងនៅដំណាក់កាល ដំបូងនៃការហោះហើរ ហើយក៏បាត់ទៅ ដែលនេះទំនងជាការធ្វើតេស្ដបរាជ័យ៕