អ្វីទៅជាលក្ខខណ្ឌ ១០ចំណុចរបស់អ៉ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាម?
08-04-2026 08:56
(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បានអះអាងថាខ្លួនសម្រេចបានជោគជ័យដ៏ធំធេង និងបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកជាគោលការណ៍លើលក្ខខណ្ឌ ១០ចំណុចរបស់ខ្លួន។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៉ីរ៉ង់ ដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយអមជាមួយបញ្ជីលក្ខខណ្ឌ ១០ចំណុច ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៉ីរ៉ង់បាននិយាយថាផែនការរបស់ខ្លួននឹងតម្រូវឱ្យអ៉ីរ៉ង់បន្តគ្រប់គ្រងលើ ច្រកសមុទ្រ Hormuz ការទទួលស្គាល់សិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូម និងការដកទណ្ឌកម្មសេដ្ឋកិច្ចជាដើម។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Mehr លក្ខខណ្ឌ១០ចំណុចរបស់អ៉ីរ៉ង់រួមមាន៖
១. ធានាថាអ៉ីរ៉ង់នឹងមិនរងការវាយប្រហារសាជាថ្មី
២. ការបន្តគ្រប់គ្រងរបស់អ៉ីរ៉ងលើច្រកសមុទ្រ Hormuz
៣. ការទទួលស្គាល់សិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់
៤. ដកទណ្ឌកម្មចម្បងទាំងអស់
៥. ដកទណ្ឌកម្មបន្ទាប់បន្សំទាំងអស់
៦. លុបចោលរាល់ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN ប្រឆាំងនឹងអ៉ីរ៉ង់
៧. លុបចោលរាល់ដំណោះស្រាយរបស់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមមិកអន្តរជាតិប្រឆាំងនឹងអ៉ីរ៉ង់
៨. សងសំណងជួសជុលការខូចខាតដោយសារសង្រ្គាម
៩. ដកកងកម្លាំងប្រយុទ្ធអាមេរិកចេញពីតំបន់
១០. បញ្ឈប់អរិភាពលើគ្រប់សមរភូមិទាំងអស់ក្នុងនោះរួមមានទាំងលីបង់៕




