អ៉ីរ៉ង់ យល់ព្រមថានឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រោយទទួលយកបទឈប់បាញ់ (Video inside)

08-04-2026 09:27

(តេហរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាខ្លួននឹងធានាសុវត្ថិភាពការធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ក្នុងរយៈពេល២សប្ដាហ៍ ប្រសិនបើ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបញ្ឈប់ការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានគូសបញ្ជាក់ដូច្នេះថា «សម្រាប់រយៈពេល២សប្ដាហ៍ សុវត្ថិភាពសម្រាប់ ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz អាចនឹងត្រូវបានធ្វើឡើងតាមរយៈការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ និងជាមួយការពិចារណាលើការដាក់កំហិតផ្នែក បច្ចេកទេសមួយចំនួន»

សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ កាលពីថ្ងៃអង្គារ បានយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល ២សប្ដាហ៍ តែមួយម៉ោងប៉ុណ្ណោះមុននឹងឱសានវាទកម្ទេចអ៉ីរ៉ង់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំផុតកំណត់។ ទីក្រុងតេហេរ៉ង់បានអះអាងពីជ័យជម្នះដោយនិយាយថាខ្លួនបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌ១០ចំណុចរបស់ខ្លួន។

លោក ត្រាំ បាននិយាយថាលោកបានពិភាក្សាជាមួយមេដឹកនាំប៉ាគីស្ថាន ដែលជាអ្នកជួយសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ និងដែលបានស្នើឡើងនូវ បទឈប់បាញ់រយៈពេល ២សប្ដាហ៍។ លោក ត្រាំ បានគូសបញ្ជាក់លើបណ្ដាញទំនាក់ទំនងសង្គមថាលោកបានសម្រេចចិត្តពន្យារពេលការទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ ដោយឈរលើ មូលដ្ឋានកិច្ចសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif និងប្រមុខកងទ័ពប៉ាគីស្ថាន លោក Asim Munir។

ក្រុមប្រឹក្សាសន្តិសុខកំពូលអ៉ីរ៉ង់ ក៏បានទទួលស្គាល់ពីការឈានដល់បទឈបបាញ់ផងដែរ ដោយមានការយល់ព្រមពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei ហើយបាន បញ្ជាក់ថាកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់នៅចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះក្នុងទីក្រុងអ៉ីស្លាម៉ាបាដ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងអ៉ីស្រាអែល ក៏បានរាយការណ៍ដែរថាអ៉ីស្រាអែលក៏បានយល់ព្រមទទួលយកបទឈប់បាញ់ដែរ៕