សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ អួតពីជ័យជម្នះរៀងៗខ្លួន ជុំវិញបទឈប់បាញ់ (Video inside)

08-04-2026 09:43

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅវ៉ាស៊ីនតោន) បានសាទរចំពោះបទឈប់បាញ់២សប្ដាហ៍ នៅក្នុងសង្រ្គាមអ៉ីរ៉ង់ ដោយចាត់ទុកថានេះជាជ័យជម្នះសម្រាប់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោកស្រី Karoline Leavitt បានគូសបញ្ជាក់ក្នុងការបង្ហោះមួយបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «នេះគឺជាជ័យជម្នះសម្រាប់សហរដ្ឋអាមេរិកដែលលោកប្រធានាធិបតី ត្រាំ និងយោធាដ៏អស្ចារ្យរបស់យើងសម្រេចបាន»។ លោកស្រីបន្ថែមថាជោគជ័យខាងយោធារបស់យើងបានបង្កើតឥទ្ធិពលជាអតិបរមា ដោយអនុញ្ញាតឱ្យលោកប្រធានាធិបតី ត្រាំ និងក្រុមការងារចូលរួមក្នុងកិច្ចចរចាដ៏តឹងរ៉ឹងដែលឥលូវយើងបានបង្កើតឱកាសសម្រាប់ដំណោះស្រាយការទូត និងសន្តិភាពយូរអង្វែង។

សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ កាលពីថ្ងៃអង្គារ បានយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល ២សប្ដាហ៍ តែមួយម៉ោងប៉ុណ្ណោះមុននឹងឱសានវាទកម្ទេចអ៉ីរ៉ង់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំផុតកំណត់។ ទីក្រុងតេហេរ៉ង់បានអះអាងពីជ័យជម្នះដោយនិយាយថាខ្លួនបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌ១០ចំណុចរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងអ៉ីស្រាអែល ក៏បានរាយការណ៍ដែរថាអ៉ីស្រាអែលក៏បានយល់ព្រមទទួលយកបទឈប់បាញ់ដែរ។

តាមក្រុមប្រឹក្សាសន្តិសុខកំពូលអ៉ីរ៉ង់ កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់នឹងចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះក្នុងទីក្រុងអ៉ីស្លាម៉ាបាដ៕