មេដឹកនាំកំពូលវៀតណាម លោក To Lam មានគម្រោងធ្វើទស្សនកិច្ចទៅចិន នៅសប្ដាហ៍ក្រោយ

08-04-2026 09:59

(ហាណូយ)៖ មេដឹកនាំកំពូលវៀតណាម លោក ​To Lam មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅសប្ដាហ៍ក្រោយ ដើម្បីជួបសមភាគីរបស់លោក គឺលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្នុងដំណើរទស្សនកិច្ចមួយធ្វើឡើងបន្ទាប់ពីរូបលោកត្រូវបានតែងតាំងជាប្រធានាធិបតី បន្ថែមពីលើមុខតំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីវៀតណាមក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ដំណើរទស្សនកិច្ចរបស់ លោក To Lam ដែលកំពុងស្ថិតនៅក្រោមគម្រោងនៅឡើយ និងអាចត្រូវបានពន្យារពេលដោយសារបញ្ហាមួយចំនួន ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងរបស់វៀតណាមជាមួយ អ្នកជិតខាងដូចជាចិន ក្នុងពេលមួយដែលទីក្រុងហាណូយកំពុងព្រួយបារម្ភពីសន្តិសុខថាមពល និងសម្ពាធពន្ធគយពីសហរដ្ឋអាមេរិក។

ប្រភពពីមន្ត្រីវៀតណាម បានប្រាប់ Reuters ថាដំណើរទស្សនកិច្ចរបស់លោក To Lam ទៅកាន់ប្រទេសចិនត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា បើគ្មាន អ្វីប្រែប្រួលទេ។ ប៉ុន្តែខាងក្រសួងការបរទេសវៀតណាម មិនបានឆ្លើយតបទៅនឹងការសំណើសុំធ្វើការអត្ថាធិប្បាយឡើយ រីឯក្រសួងការបរទេសចិនបាននិយាយថាខ្លួនមិនទាន់មានព័ត៌មាន ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះនោះទេក្នុងខណៈពេលនេះ។

គួរបញ្ជាក់ថា ប្រសិនបើដំណើរទស្សនកិច្ចកើតឡើងពិតមែន នោះវានឹងក្លាយជាទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងរបស់លោក To Lam ចាប់តាំងពីរូបលោកត្រូវបានសភាវៀតណាម បោះឆ្នោតជ្រើសតាំងជាប្រធានាធិបតី ឬប្រធានរដ្ឋ បន្ថែមពីមុខតំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។ លោក ស៊ី ជីនពីង សព្វថ្ងៃក៏កំពុងកាន់តំណែងជាអគ្គលេខាធិការ បក្សកុម្មុយនិស្តចិនផង និងប្រធានាធិបតីចិនផងដែរ៕