ប្រមុខអង្គការសហប្រជាជាតិ ស្វាគមន៍បទឈប់បាញ់រយៈពេល២សប្តាហ៍ រវាងអាមេរិកនិងអ៉ីរ៉ង់ (Video inside)

08-04-2026 13:42

(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នាថ្ងៃអង្គារ ទី៧ ខែមេសា បានចូលរួមស្វាគមន៍បទឈប់បាញ់រយៈពេល២សប្តាហ៍ រវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ ហើយទទូចឱ្យភាគីទាំងអស់ធ្វើការ ដើម្បីឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Stephane Dujarric ដែលជាអ្នកនាំពាក្យរបស់លោក Guterres បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «លោកអគ្គលេខាធិការ ស្វាគមន៍សេចក្តីប្រកាសអំពីបទឈប់បាញ់២សប្តាហ៍ ដោយសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់។ លោកប្រមុខ UN អំពាវនាវឱ្យភាគីទាំងអស់នៃជម្លោះមជ្ឈិមបូព៌ា ប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ពួកគេនៅក្រោមច្បាប់អន្តរជាតិ និងគោរពតាមលក្ខខណ្ឌ​នៃបទឈប់បាញ់ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពមួយ ដែលយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ នៅក្នុងតំបន់»

គួរបញ្ជាក់ថា ត្រឹមជាងមួយម៉ោងប៉ុណ្ណោះ មុនពេលឱសានវាទកម្ទេចប្រទេសអ៉ីរ៉ង់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវផុតកំណត់ សហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ បានប្រកាសយល់ព្រមទទួលយកបទឈប់បាញ់ សម្រាប់រយៈពេល២សប្តាហ៍ ហើយបើតាមទីក្រុងតេហរ៉ង់ ភាគីទាំងពីរនឹងបើកកិច្ចពិភាក្សានៅប្រទេសប៉ាគីស្ថាន នាថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីចរចាកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍៕