អ៉ីស្រាអែល គាំទ្របទឈប់បាញ់អាមេរិក-អ៉ីរ៉ង់ ប៉ុន្តែថាវាមិនរាប់បញ្ចូលសង្រ្គាមនៅលីបង់ (Video inside)
08-04-2026 14:21
(ហ៊្សេរុយសាឡិម)៖ នាថ្ងៃពុធ ទី៨ ខែមេសា ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៉ីស្រាអែល គាំទ្រការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការផ្អាកសង្រ្គាមអ៉ីរ៉ង់ រយៈពេល២សប្តាហ៍ ប៉ុន្តែបទឈប់បាញ់នេះ មិនរាប់បញ្ចូលលីបង់ទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការិយាល័យលោក Netanyahu បាននិយាយថា អ៉ីស្រាអែលគាំទ្រការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ប្រសិនបើទីក្រុងតេហេរ៉ង់ បើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ហើយបញ្ឈប់ការវាយប្រហារជាបន្ទាន់ប្រឆាំងសហរដ្ឋអាមេរិក អ៉ីស្រាអែល ព្រមទាំងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។
ការលើកឡើងរបស់អ៉ីស្រាអែល គឺបន្ទាប់ពីទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតេហេរ៉ង់ បានប្រកាសបទឈប់បាញ់មានរយៈពេល២សប្តាហ៍ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ ហើយផ្តល់ឱកាសសម្រាប់ចរចាគ្នា។ អ៉ីរ៉ង់បាននិយាយថា ខ្លួននឹងបើកច្រកសមុទ្រ Hormuz សម្រាប់អំឡុងពេលឈប់បាញ់ ខណៈកិច្ចចរចាជាមួយអាមេរិក នឹងចាប់ផ្តើមនាថ្ងៃទីសុក្រ ទី១០ ខែមេសា នៅទីក្រុងអ៉ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន។
មុនការចេញសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល មន្រ្តីសេតវិមានអាមេរិក២រូប ក៏បានប្រាប់ដែរថា អ៉ីស្រាអែល បានយល់ព្រមចំពោះបទឈប់បាញ់២សប្តាហ៍នោះ ហើយផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួនប្រឆាំងអ៉ីរ៉ង់។ ទន្ទឹមគ្នា នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif ដែលជាអ្នកជួយសម្រុះសម្រួលឱ្យមានបទឈប់បាញ់ បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការព្រមព្រៀងនោះគឺរាប់បញ្ចូលទាំងការផ្អាកសង្រ្គាមរបស់អ៉ីស្រាអែលនៅលីបង់ ប្រឆាំងក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។
គួរបញ្ជាក់ថា សង្រ្គាមអ៉ីស្រាអែលនៅលីបង់ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥០០នាក់ ហើយបង្ខំឱ្យ១.២លាននាក់ផ្សេងទៀត ត្រូវរត់ភៀសខ្លួន។ ប្រទេសលីបង់ ត្រូវបានទាញឱ្យធ្លាក់ចូលក្នុងជម្លោះមជ្ឈិមបូព៌ា នៅពេលក្រុមសកម្មប្រយុទ្ធហេសបូឡា បាញ់រ៉ុក្កែតដាក់អ៉ីស្រាអែល ដើម្បីគាំទ្រទីក្រុងតេហរ៉ង់ កាលពីថ្ងៃទី២ ខែមីនា ពោលគឺ២ថ្ងៃ ក្រោយអ៉ីរ៉ង់បានរងការវាយប្រហារពីអ៉ីស្រាអែល និងសហរដ្ឋអាមេរិក។ ការបាញ់រ៉ុក្កែតនោះ បានផ្តល់លេសឱ្យអ៉ីស្រាអែលបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោក ក្នុងទ្រង់ទ្រាយធំសាជាថ្មី៕







