ទីក្រុងកៀវទទូចឱ្យអាមេរិក បង្វែរចំណាប់អារម្មណ៍មករកសង្រ្គាមអ៊ុយក្រែនវិញ ក្រោយមានបទឈប់បាញ់អ៉ីរ៉ង់ (Video inside)
08-04-2026 14:51
(កៀវ)៖ នាថ្ងៃពុធ ទី៨ ខែមេសា ទីក្រុងកៀវបានអំពាវនាវឱ្យសហរដ្ឋអាមេរិក ងាកមកផ្តោតដាក់សម្ពាធលើរុស្ស៉ីឡើងវិញ ដើម្បីបិទបញ្ចប់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន ទើបសម្រេចបានបទឈប់បាញ់ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ៊ុយក្រែនក៏បានលើកឡើងដែរថា ការសម្រេចបានបទឈប់បាញ់របស់ទីក្រុងវ៉ាស៉ីនតោន ជាមួយទីក្រុងតេហរ៉ង់ ស្តែងឱ្យឃើញពីជោគជ័យនៃភាពម៉ឺងម៉ាត់របស់អាមេរិក។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andriy Sybiga បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា «ភាពម៉ឺងម៉ាត់របស់សហរដ្ឋអាមេរិក គឺមានប្រសិទ្ធភាព។ ពួកយើងជឿជាក់ថា វាជាពេលដែលត្រូវមានភាពម៉ឺងម៉ាត់គ្រប់គ្រាន់ ដើម្បីបង្ខំឱ្យទីក្រុងមូស្គូផ្អាកការវាយប្រហារ ហើយបញ្ចប់សង្រ្គាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន»។
គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងការទូត ដើម្បីស្វែងរកសន្តិភាពសម្រាប់សង្រ្គាមអូសបន្លាយជាង៤ឆ្នាំមកនេះនៅអ៊ុយក្រែន បានជាប់គាំង ចាប់តាំងតែពីអាមេរិកបានជាប់ដៃធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ កាលពីចុងខែកុម្ភៈ។ មិនតែប៉ុណ្ណោះ កន្លងមកនេះ ទីក្រុងវ៉ាស៉ីនតោន ថែមទាំងបានលើកលែងទណ្ឌកម្មជាបណ្តោះអាសន្ន ដែលបានដាក់លើប្រេងរុស្ស៉ី ចំពោះមុខវិបត្តិប្រេងឡើងថ្លៃ ជាហេតុនាំឱ្យអ៊ុយក្រែន មានការព្រួយបារម្ភ។ អាមេរិកនិងអ៉ីរ៉ង់ កាលពីថ្ងៃអង្គារបានប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍ ដើម្បីផ្តល់ឱកាសចរចាគ្នា បញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍៕








