នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្វាគមន៍បទឈប់បាញ់អាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ ប៉ុន្តែរិះគន់វោហារសាស្រ្តរបស់លោក ត្រាំ (Video inside)
08-04-2026 15:25
(ស៉ីដនី)៖ នាថ្ងៃពុធ ទី៨ ខែមេសា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានស្វាគមន៍បទឈប់បាញ់នៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា ដែលសម្រេចបានរវាងសហរដ្ឋអាមេរិក អ៉ីស្រាអែល និងអ៉ីរ៉ង់ ខណៈរិះគន់វោហារសាស្ត្ររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មុនពេលឈានដល់បទឈប់បាញ់ លោក ត្រាំ បាននិយាយថា «អរិយធម៌ទាំងមូលនឹងត្រូវវិនាស» ប្រសិនបើអ៉ីរ៉ង់ មិនព្រមធ្វើកិច្ចព្រមព្រៀង។ លោក Albanese បានប្រាប់ Sky News យ៉ាងដូច្នេះថា «ខ្ញុំមិនគិតថា វាសមរម្យទេសម្រាប់ ការនិយាយពាក្យសម្តី ដូចប្រធានាធិបតីនៃសហរដ្ឋអាមេរិក ហើយខ្ញុំគិតថាវានឹងបង្កើតជាក្តីបារម្ភ»។
គួរបញ្ជាក់ថា លោក Albanese បានគាំទ្រការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ នៅដើមដំបូងនៃសង្រ្គាម ប៉ុន្តែលោកបានសម្តែងការមិនពេញចិត្តអំពីការកើនឡើងនៃជម្លោះ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ៕




