ប្រមុខការទូតចិន នឹងទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ (Video inside)
08-04-2026 17:02
(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នឹងធ្វើដំណើរទៅកាន់កូរ៉េខាងជើង នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីធ្វើឱ្យកាន់តែស៉ីជម្រៅថែមទៀត នូវទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦។
ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងជើង ហើយជាខ្នងបង្អែកដ៏សំខាន់ផ្នែកការទូត សេដ្ឋកិច្ច និងនយោបាយសម្រាប់ទីក្រុងព្យុងយ៉ាង។ ក្រុមហ៊ុនអាកាសចរណ៍ចិន បានបើកជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងប៉េកាំងនិងព្យុងយ៉ាង កាលពីសប្តាហ៍មុន ក្រោយផ្អាករយៈពេល៦ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ។ រីឯកាលពីខែមីនា សេវាកម្មរថភ្លើងដឹកអ្នកដំណើរ ត្រូវបានចាប់ដំណើរការសាជាថ្មី រវាងរដ្ឋធានីទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នាថ្ងៃពុធនេះ បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Wang ដែលនឹងប្រព្រឹត្តទៅដល់ថ្ងៃសុក្រ គឺជាជំហានសំខាន់មួយ ក្នុងការថែរក្សាក៏ដូចជាអភិវឌ្ឍចំណងទាក់ទងចិន-កូរ៉េខាងជើង។ លោកស្រី Mao បានបន្ថែមថា ចិនមានឆន្ទៈធ្វើការជាមួយកូរ៉េខាងជើង ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្ត បង្កើនការផ្លាស់ប្តូរប្រាស្រ័យទាក់ទងនិងកិច្ចសហការ ហើយបន្តជំរុញទៅមុខនូវទំនាក់ទំនងប្រពៃណីលក្ខណៈមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានសាទរការបើកទំព័រថ្មី ក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង ស្របពេលលោកចូលរួមអបអរ លោក គីម ជុងអ៊ុន ក្នុងឱកាសបន្តជាប់ឆ្នោតជាអគ្គលេខាធិការបក្សកាន់អំណាចនៅកូរ៉េខាងជើង។ លោក ស៉ី បានប្រាប់លោក គីម ថារូបលោកមានឆន្ទៈធ្វើការរួមគ្នា ដើម្បីចារទំព័រថ្មីក្នុងចំណងមិត្តភាពចិន-កូរ៉េខាងជើង ខណៈដែលពិភពលោកកំពុងប្រឈមការប្រែប្រួលផ្លាស់ប្តូរខ្លាំង៕




