លោក ត្រាំ បញ្ជាក់ថា អាមេរិកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ព្រមទាំងពិភាក្សាពីការបន្ធូរបន្ថយទណ្ឌកម្ម (Video inside)

08-04-2026 20:17

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃពុធ បានថ្លែងថា សហរដ្ឋអាមេរិកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសអ៊ីរ៉ង់ ហើយប្រទេសទាំងពីរកំពុងពិភាក្សាគ្នាអំពីការបន្ធូរបន្ថយពន្ធគយ និងទណ្ឌកម្ម បន្ទាប់ពីមានការប្រកាសបទឈប់បាញ់រយៈពេលពីរសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី លោក ត្រាំ បានដកថយពីការគំរាមបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសអ៊ីរ៉ង់កាលពីយប់ថ្ងៃអង្គារ ពោលគឺពីរម៉ោងមុនឱសានវាទដែលលោកបានកំណត់ ដើម្បីឱ្យទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ។ លោកបានបញ្ជាក់នៅលើបណ្តាញសង្គមថា ចំណុចជាច្រើននៃផែនការទាំង១៥ របស់អាមេរិកដែលបានស្នើទៅកាន់អ៊ីរ៉ង់ ត្រូវបានឯកភាពគ្នា ខណៈលោកបានសង្កត់ធ្ងន់ថា​ «យើងកំពុងតែ ហើយក៏នឹងបន្តជជែកគ្នាអំពីការបន្ធូរបន្ថយពន្ធគយ និងទណ្ឌកម្មជាមួយប្រទេសអ៊ីរ៉ង់»។

គួរបញ្ជាក់ថា​ ទោះបីជាមានការប្រកាសប្រកបដោយសុទិដ្ឋិនិយម និងការអបអរសាទរនៅតាមដងផ្លូវក្នុងប្រទេសអ៊ីរ៉ង់ ព្រមទាំងទីផ្សារហិរញ្ញវត្ថុពិភពលោកចំពោះបទឈប់បាញ់នេះក៏ដោយ ក៏ការខ្វែងគំនិតគ្នាយ៉ាងសំខាន់រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ នៅតែមិនទាន់ដោះស្រាយចេញឡើយ ដោយភាគីទាំងពីរនៅតែប្រកាន់ខ្ជាប់នូវការទាមទាររៀងៗខ្លួន។ បន្ថែមពីនេះ លោក ត្រាំ ក៏បានព្រមានកាលពីថ្ងៃពុធផងដែរថា ប្រទេសណាក៏ដោយដែលផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់ នឹងត្រូវប្រឈមមុខភ្លាមៗនូវការដំឡើងពន្ធ ៥០ភាគរយ លើទំនិញគ្រប់ប្រភេទដែលនាំចូលមកកាន់សហរដ្ឋអាមេរិក៕