អធិការបតីអាល្លឺម៉ង់ ជួបសន្ទនាទូរស័ព្ទជាមួយលោក ត្រាំ ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅអ៊ីរ៉ង់ (Video inside)

08-04-2026 22:31

(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រ៊ីដរិច មឺស (Friedrich Merz) បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីរសៀលថ្ងៃពុធ បន្ទាប់ពីសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើការបញ្ជាក់ពីប្រភពរដ្ឋាភិបាលអាល្លឺម៉ង់ចំនួនពីររូប។

យោងតាមសារព័ត៌មានអាល្លឺម៉ង់ Bild ដែលបានរាយការណ៍អំពីជំនួបតាមទូរស័ព្ទនេះមុនគេ បានឱ្យដឹងថា ការសន្ទនារវាងមេដឹកនាំទាំងពីរមានរយៈពេលខ្លី និងប្រកបដោយភាពស្និទ្ធស្នាល ខណៈដែលលោក មឺស មានបំណងចង់ស្វែងយល់ពីទិដ្ឋភាពទូទៅនៃស្ថានភាពកិច្ចការទូតនាពេលបច្ចុប្បន្ន។

សារព័ត៌មានដដែលនេះបានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណាក្តី មេដឹកនាំទាំងពីរមិនបានលើកឡើង ឬជជែកអំពីលទ្ធភាពនៃការចូលរួមរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការជួយធានាសន្តិសុខនៅឯច្រកសមុទ្រហ័រមូស (Strait of Hormuz) នោះឡើយ៕