អ៊ីស្រាអែលបើកការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតមួយលើលីបង់, ៨៩នាក់ស្លាប់ និងជាង ៧០០នាក់ទៀតរងរបួស

08-04-2026 22:57

(បេរូត)៖ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរបំផុតទៅលើប្រទេសលីបង់ ទោះបីជាក្រុមហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ បានផ្អាកការវាយប្រហាររបស់ខ្លួន ស្របតាមបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាអ៊ីស្រាអែលបានអះអាងថា ខ្លួនបានបើកការវាយប្រហារទ្រង់ទ្រាយធំបំផុត ដោយកំណត់គោលដៅលើទីតាំងបញ្ជាការ និងមូលដ្ឋានយោធារបស់ក្រុមហេសបូឡាជាង ១០០កន្លែង នៅក្នុងរដ្ឋធានីបេរូត (Beirut) តំបន់ជ្រលងភ្នំបេកា (Bekaa Valley) និងភាគខាងត្បូងប្រទេសលីបង់។ ក្រសួងសុខាភិបាលលីបង់បានបញ្ជាក់ថា ការវាយប្រហារយ៉ាងសន្ធឹកសន្ធាប់នេះបានបណ្តាលឱ្យមនុស្ស ៨៩នាក់ស្លាប់ និងជាង​៧០នាក់ផ្សេងទៀតរងរបួស ខណៈមន្ទីរពេទ្យនានាកំពុងជួបការលំបាក និងបានអំពាវនាវស្វែងរកការបរិច្ចាគឈាមបន្ទាន់។

ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសថា បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ មិនមានសុពលភាពអនុវត្តចំពោះប្រទេសលីបង់នោះទេ ហើយប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហេសបូឡានឹងនៅតែបន្ត។ ផ្ទុយទៅវិញ សមាជិកសភាជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក អ៊ីប្រាហ៊ីម អាល់មូសាវី (Ibrahim al-Moussawi) បានលើកឡើងថា ក្រុមរបស់ខ្លួនទទួលបានព័ត៌មានថាបទឈប់បាញ់នេះរួមបញ្ចូលទាំងលីបង់ ទើបពួកគេគោរពតាម ប៉ុន្តែអ៊ីស្រាអែលបែរជាបំពានកិច្ចព្រមព្រៀង និងបង្កការសម្លាប់រង្គាលទៅវិញ។

ជំហររបស់អ៊ីស្រាអែលនេះ គឺផ្ទុយពីការបញ្ជាក់របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) ដែលជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀង ដែលបានអះអាងថាបទឈប់បាញ់នេះត្រូវតែគ្របដណ្តប់លើលីបង់។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងប្រធានាធិបតីលីបង់ លោក ចូសែហ្វ អូន (Joseph Aoun) ក៏បានអំពាវនាវយ៉ាងទទូចឱ្យបញ្ចូលប្រទេសលីបង់ទៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់នេះផងដែរ ដើម្បីឈានទៅរកសន្តិភាពក្នុងតំបន់ជាអចិន្ត្រៃយ៍៕