លោក Netanyahu គំរាមថាអ៉ីស្រាអែលត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសង្រ្គាមសាជាថ្មីគ្រប់ពេលជាមួយអ៉ីរ៉ង់ (Video inside)
09-04-2026 08:47
(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាអ៉ីស្រាអែលបានត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខជាមួយអ៉ីរ៉ង់ ក្នុងករណីចាំបាច់ បើទោះជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការកត់សម្គាល់បែបនេះរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងរបស់អ៉ីស្រាអែល លោក Yair Lapid បានចាត់ទុកបទឈប់បាញ់គឺជាបរាជ័យ ខាងការទូតសម្រាប់អ៉ីស្រាអែល ជាមួយការបន្ទោសថាលោក Netanyahu បានបរាជ័យក្នុងការសម្រេចតាមគោលដៅរបស់អ៉ីស្រាអែល។ យ៉ាងណាក៏ដោយ ក្នុងសុន្ទរកថាមួយ តាមកញ្ចប់ទូរទស្សន៍ លោក Netanyahu បានបញ្ជាក់ថាអ៉ីស្រាអែលនៅមានកម្មវត្ថុមួយចំនួនត្រូវសម្រេចឱ្យបាន ហើយនឹងសម្រេចគោលដៅឱ្យបានមិនថាតាមរយៈ កិច្ចព្រមព្រៀង ឬក៏តាមរយៈការធ្វើសង្រ្គាមសាជាថ្មីជាមួយអ៉ីរ៉ង់។
គួរបញ្ជាក់ថា បទឈប់បាញ់ ២សប្ដាហ៍រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ កំពុងស្ថិតក្នុងភាពផុយស្រួយ ខណៈទាំងអាមេរិក អ៉ីរ៉ង់ និងអ៉ីស្រាអែលនៅតែបន្តគំរាមដាក់គ្នាទៅវិញទៅមក ពីការចាប់ផ្ដើមសង្រ្គាមឡើងវិញសាជាថ្មី។ អ៉ីរ៉ង់ បានចោទថាអ៉ីស្រាអែលបានបំពានបទឈប់បាញ់តាមរយៈការបន្តទម្លាក់គ្រាប់បែកលើលីបង់ ជាពិសេសលើមូលដ្ឋានរបស់ ក្រុមហេសបូឡាដែលជាសម្ព័ន្ធមិត្តអ៉ីរ៉ង់។ ប៉ុន្តែសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានអះអាងថាបទឈប់បាញ់ជាមួយអ៉ីរ៉ង់ មិនបានរាប់បញ្ចូលបទឈប់បាញ់នៅលីបង់ដែរនោះទេ៕




