អ្នកស្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើលីបង់ កើនដល់ ២៥៤នាក់ (Video inside)

09-04-2026 09:11

(បេរូត)៖ អ៉ីស្រាអែលបានបើកការវាយប្រហារដ៏សាហាវបំផុតមួយលើប្រទេសលីបង់ ចាប់តាំងពីជម្លោះជាមួយក្រុមហេសបូឡាដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈមក ដោយសម្លាប់មនុស្ស ២៥៤នាក់ កាលពីថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ខណៈក្រុមហេសបូឡាបានចាប់ផ្ដើមបាញ់គ្រាប់រ៉ុក្កែតឡើងវិញលើភាគខាងជើងអ៉ីស្រាអែល បន្ទាប់ពី បានផ្អាកការបាញ់ផ្លោងរយៈពេលខ្លី នៅក្រោមបទឈប់បាញ់២សប្ដាហ៍រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហាររបស់អ៉ីស្រាអែលលើលីបង់ បាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភចំពោះកិច្ចប្រឹងប្រែងស្វែងរកបទបាញ់បញ្ចប់សង្រ្គាមក្នុងតំបន់ ក្នុងពេលដែលប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថាបទឈប់បាញ់ក្នុងប្រទេសលីបង់ គឺជាលក្ខខណ្ឌដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក។ កាលពីរសៀលថ្ងៃពុធ យោធាអ៉ីស្រាអែលបានឱ្យដឹងថាខ្លួនបានបើកការវាយប្រហារជាមួយការកំណត់គោលដៅលើទីបញ្ជាការ និងទីតាំងយោធារបស់ក្រុមហេសបូឡាជាង ១០០កន្លែង ក្នុងរដ្ឋធានីបេរូត តំបន់ជ្រលងភ្នំ Bekaa Valley និងភាគខាងត្បូងលីបង់ ក្នុងពេល១០នាទី។

ក្រុមមន្ត្រីសុខាភិបាលលីបង់បានឱ្យដឹងថាមនុស្សសរុប ២៥៤នាក់ និងជាង ១១០០នាក់បានរងរបួសក្នុងការវាយប្រហាររបស់អ៉ីស្រាអែលនៅទូទាំងលីបង់ ហើយក្នុងនោះទៀតសោត ក្នុងរដ្ឋធានីបេរូត មានមនុស្សស្លាប់ ៩១នាក់៕