តួកគីយ៉េ ចាប់ខ្លួនមនុស្សជិត ២០០នាក់ បន្ទាប់ពីការវាយប្រហារលើស្ថានកុងស៊ុលអ៉ីស្រាអែល (Video inside)
09-04-2026 11:52
(អង់ការ៉ា)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសតួកគីយ៉េ លោក Akin Gurlek បានឱ្យដឹងថា កងកម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្សជិត ២០០នាក់នៅក្នុងការបង្រ្កាបទូទាំងប្រទេស មួយថ្ងៃក្រោយករណីបាញ់ប្រហារ នៅខាងក្រៅស្ថានកុងស៊ុលអ៉ីស្រាអែលប្រចាំទីក្រុងអ៉ីស្តង់ប៊ុល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦។
តាមបណ្តាញសង្គម X លោក Akin Gurlek បញ្ជាក់ថាជនសង្ស័យចំនួន ១៩៨នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការដំណាលគ្នានៅខេត្តចំនួន ៣៤។ ខ្មាន់កាំភ្លើងម្នាក់ត្រូវបានសម្លាប់ រីឯពីរនាក់ទៀតរងរបួស នៅពេលបាញ់តដៃជាមួយប៉ូលិស នៅខាងក្រៅស្ថានកុងស៊ុលកាលពីថ្ងៃអង្គារ។ បើតាមក្រសួងយុត្តិធម៌ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន មាន ១២នាក់ត្រូវឃុំខ្លួនមុនការកាត់ក្តី រួមទាំងខ្មាន់កាំភ្លើងរបួសពីរនាក់នោះផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តួកគីយ៉េ បានរាយការណ៍ថា ខ្មាន់កាំភ្លើងដែលត្រូវបានបាញ់សម្លាប់ គឺជាបុរសអាយុ ៣២ឆ្នាំម្នាក់ ដែលមានទំនាក់ទំនងជាមួយក្រុម ISIS។ ក្រសួងមហាផ្ទៃតួកគីយ៉េពណ៌នាថា ខ្មាន់កាំភ្លើងមានទំនាក់ទំនងជាមួយអង្គការភេរវកម្ម ហើយខ្មាន់កាំភ្លើងពីរនាក់ដែលរងរបួសគឺជាបងប្អូនបង្កើត និងមានជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន៕







