ប្រមុខ UN ព្រមានថាការបន្តវាយប្រហាររបស់អ៉ីស្រាអែលលើលីបង់ គំរាមកំហែងធ្ងន់ធ្ងរចំពោះបទឈប់បាញ់អាមេរិក-អ៉ីរ៉ង់ (Video inside)
09-04-2026 13:31
(យូអិន)៖ នាថ្ងៃពុធ ទី៨ ខែមេសា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានព្រមានថា ការវាយប្រហារដ៏ប្រល័យរបស់អ៉ីស្រាអែលលើលីបង់ បានបង្កហានិភ័យធ្ងន់ធ្ងរ ចំពោះបទឈប់បាញ់ផុយស្រួយ រវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យរបស់លោក Guterres បាននិយាយដូច្នេះថា «សកម្មភាពយោធាដែលកំពុងបន្តនៅលីបង់ បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរចំពោះបទឈប់បាញ់ ក៏ដូចជាកិច្ចប្រឹងប្រែងឆ្ពោះទៅរក សន្តិភាពយូរអង្វែងនិងគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់។ លោកអគ្គលេខាធិការ អំពាវនាវជាថ្មីឱ្យភាគីទាំងអស់ បញ្ឈប់អរិភាពនានាជាបន្ទាន់ និងដោះស្រាយបញ្ហាតាមច្រកការទូត ព្រោះជម្លោះពុំអាចដោះស្រាយដោយកម្លាំងយោធានោះទេ»។
អាជ្ញាធរនៅលីបង់បានរាយការណ៍ថា មនុស្សជាង២៥០នាក់ត្រូវបានសម្លាប់ និងលើស១០០០នាក់បានរងរបួស ដោយសារការវាយប្រហាររបស់អ៉ីស្រាអែល កាលពីថ្ងៃពុធ ដោយទីក្រុងបេរូត ដែលជារដ្ឋធានីរបស់លីបង់ បានរងការទម្លាក់គ្រាប់បែកយ៉ាងសាហាវបំផុត គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងសាជាថ្មីរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា (Hezbollah) កាលពីដើមខែមីនា។
គួរបញ្ជាក់ថា លីបង់ត្រូវបានទាញឱ្យធ្លាក់ចូលក្នុងសង្រ្គាម បន្ទាប់ពីក្រុមសកម្មប្រយុទ្ធដែលជាសម្ព័ន្ធមិត្តអ៉ីរ៉ង់មួយនេះ បានវាយប្រហារអ៉ីស្រាអែល ដើម្បីសងសឹកការបំផ្ទុះសង្រ្គាមរបស់អាមេរិក-អ៉ីស្រាអែល លើអ៉ីរ៉ង់។ ស្របពេលដែលអ៉ីរ៉ង់និងអាមេរិក បានប្រកាសពីបទឈប់បាញ់រយៈពេល២សប្តាហ៍ កាលពីថ្ងៃអង្គារ អ៉ីស្រាអែលបានប្រកែកថា សង្រ្គាមលីបង់ មិនត្រូវបានរាប់បញ្ចូលនៅក្នុងនោះទេ៕








