លោក ត្រាំ៖ យោធាអាមេរិកនឹងបន្តដាក់ពង្រាយនៅក្បែរអ៉ីរ៉ង់ រហូតទាល់តែសម្រេចបានកិច្ចព្រមព្រៀងពិតប្រាកដ (Video inside)

09-04-2026 14:14

(វ៉ាស៉ីនតោន)៖ នាថ្ងៃពុធ ទី៨ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កងកម្លាំងយោធាអាមេរិក នឹងបន្តដាក់ពង្រាយនៅក្បែរប្រទេសអ៉ីរ៉ង់ រហូតទាល់តែកិច្ចព្រមព្រៀងពិតប្រាកដមួយត្រូវសម្រេចបាន បន្ទាប់ពីភាគីទាំងពីរបានឯកភាពគ្នា​ឈប់បាញ់ សម្រាប់រយៈពេល២សប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «នាវា យន្តហោះ និងកងទ័ពអាមេរិកទាំងអស់ ព្រមទាំងគ្រាប់រំសេវ សព្វាវុធ និងអ្វីៗផ្សេងទៀតដែលសមស្របនិងចាំបាច់ ដើម្បីកម្ទេចសត្រូវដែលត្រូវបានបំបាក់សមត្ថភាពយ៉ាងខ្លាំងរួចទៅហើយនោះ គឺនឹងដាក់ពង្រាយដដែលនៅជុំវិញប្រទេសអ៉ីរ៉ង់ រហូតទាល់តែនៅពេលកិច្ចព្រមព្រៀងពិតប្រាកដមួយ ត្រូវសម្រេចបាន និងគោរពពេញលេញ»។ លោកប្រធានាធិបតីអាមេរិក បានគំរាមថា ការវាយប្រហារកាន់តែធំនិងខ្លាំងជាងមុនថែមទៀត នឹងធ្វើឡើងសាជាថ្មី ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា បទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃអង្គារ ហាក់បានបង្ហាញសញ្ញារង្គោះរង្គើរួចជាស្រេច ដោយអ៉ីស្រាអែល នៅតែបន្តការទម្លាក់គ្រាប់បែកកាន់តែសាហាវលើប្រទេសលីបង់ ទោះផ្អាកការវាយប្រហារលើអ៉ីរ៉ង់ក្តី ហើយទីក្រុងវ៉ាស៉ីនតោន បាននិយាយផ្ទុយ​ពីការអះអាងមួយចំនួនរបស់អ៉ីរ៉ង់ ក្នុងនោះរួមមានបញ្ហានៃសិទ្ធិចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ទីក្រុងតេហរ៉ង់។ ក្រុមមន្រ្តីអាមេរិកនិងអ៉ីរ៉ង់ គ្រោងបើកកិច្ចចរចានៅប្រទេសប៉ាគីស្ថាន នាថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីព្យាយាមបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍៕