ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Min Aung Hlaing តែងតាំងគណៈរដ្ឋមន្រ្តីថ្មី ដែលភាគច្រើនសុទ្ធតែជាអតីតឧត្តមសេនីយ៍ (Video inside)
09-04-2026 15:25
(ណៃពិដោ)៖ សភានៃប្រទេសមីយ៉ាន់ម៉ា នាថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា បានអនុម័តបញ្ជីឈ្មោះរដ្ឋមន្រ្តីសរុប៣០រូប ដែលត្រូវបម្រើការក្នុងគណៈរដ្ឋមន្រ្តីរបស់ អតីតមេដឹកនាំរបបយោធា លោក Min Aung Hlaing ក្រោយរូបលោកត្រូវបានតែងតាំងជា ប្រធានាធិបតីកាលពីសប្តាហ៍មុន ខណៈរដ្ឋមន្រ្តីទាំងនោះ ត្រូវគេសង្កេតឃើញថា ភាគច្រើនសុទ្ធតែជាអតីតឧត្តមសេនីយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការបង្កើតរដ្ឋាភិបាលថ្មីនេះធ្វើឡើង ក្រោយជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្ស USDP ដែលគាំទ្រដោយយោធា នៅក្នុងការបោះឆ្នោតសកល កាលពីខែមករា ដែលមានគោលដៅធ្វើអន្តរកាលពីរបបយោធា ត្រឡប់មករករបបដឹកនាំស៉ីវិលសាជាថ្មី ប៉ុន្តែបានទទួលរងការរិះគន់យ៉ាងទូលំទូលាយ ពីសំណាក់អង្គការសហប្រជាជាតិ និងក្រុមប្រទេសលោកខាងលិចជាច្រើន ថាវាគ្រាន់តែជាការបោះឆ្នោតក្លែងក្លាយ សម្រាប់បម្រើជាឧបករណ៍ឱ្យយោធានៅរក្សាអំណាចរបស់ខ្លួនប៉ុណ្ណោះ។
សមាសភាពក្នុងបញ្ជីគណៈរដ្ឋមន្រ្តីដែលត្រូវបានអនុម័ត គឺភាគច្រើនសុទ្ធតែឧត្តមសេនីយ៍ចូលនិវត្តន៍ និងអ្នកដែលធ្លាប់កាន់តំណែង ក្នុងរដ្ឋាភិបាលយោធាមុន។ តួយ៉ាង រដ្ឋមន្រ្តីការពារជាតិ ឧត្តមសេនីយ៍ Maung Maung Aye បានចូលនិវត្តន៍ នឹងត្រូវជំនួសដោយឧត្តមសេនីយ៍ Tung Aung អតីតមេបញ្ជាការកងទ័ពអាកាស។ រីឯឧត្តមសេនីយ៍ Yar Pyae បានចុះចេញពីតំណែងជារដ្ឋមន្រ្តីកិច្ចការព្រំដែន ហើយនឹងត្រូវជំនួសដោយឧត្តមសេនីយ៍ Hpone Myat អតីតរដ្ឋមន្រ្តីមហាផ្ទៃ។ លោក Tin Maung Swe អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន នឹងកាន់តួនាទីជារដ្ឋមន្រ្តីការបរទេស ខណៈកន្លងមក លោកធ្លាប់បម្រើការជាអនុព័ន្ធយោធានៅចក្រភពអង់គ្លេស។
ទន្ទឹមគ្នានេះ អតីតរដ្ឋមន្រ្តីការពារជាតិជាច្រើនរូប ដែលធ្លាប់បម្រើរបបដឹកនាំយោធា ចាប់តាំងពីរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១ ក៏ត្រូវបានតែងតាំងឱ្យកាន់តំណែង ក្នុងគណៈរដ្ឋមន្រ្តីថ្មីផងដែរ ក្នុងនោះរួមមានទាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Mya Tun Oo និងលោក Tin Aung San។ មិនតែប៉ុណ្ណោះ លោក Min Aung Hlaing ក៏បានតែងតាំង អតីតមន្រ្តីនានារបស់លោក ឱ្យដឹកនាំក្រសួងចំនួន១៤ផ្សេងទៀត ពោលគឺពង្រីកការគ្រប់ដណ្តប់ដោយអតីតឧត្តមសេនីយ៍យោធា និងអតីតមេប៉ូលិស នៅពាសពេញស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នយុត្តិធម៌របស់ប្រទេស។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ភាពចលាចល និងកំពុងបន្តហែកហួរដោយសង្រ្គាមស៉ីវិល ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ នៅពេលយោធា បានផ្តួលរំលំរដ្ឋាភិបាលស៉ីវិលដែលជាប់ឆ្នោតស្របច្បាប់ របស់លោកស្រី អោងសាន ស៊ូជី៕






