សមាជិកព្រឹទ្ធសភាអាមេរិកបក្សសាធារណរដ្ឋ ស្នើឱ្យសភាតៃវ៉ាន់ អនុម័តកញ្ចប់ថវិកាការពារជាតិពិសេស (Video inside)
09-04-2026 15:54
(តៃប៉ិ)៖ សមាជិកព្រឹទ្ធសភាអាមេរិក លោក Jim Banks បាននិយាយក្នុងពេលជួបមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅទីក្រុងតៃប៉ិ ថាសភាតៃវ៉ាន់ គួរតែអនុម័តកញ្ចប់ថវិកាការពារជាតិពិសេសដែលជាប់គាំង ដើម្បីជាការផ្ញើសារទៅកាន់ទីក្រុងប៉េកាំង និងពិភពលោកថាខ្លួនយកចិត្តទុកដាក់ខ្លាំង ចំពោះសន្តិភាពដែលពឹងផ្អែកលើកម្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦។
លោក Lai កាលពីឆ្នាំមុន បានលើកសំណើ ៤០ពាន់លានដុល្លារ បន្ថែមក្នុងការចំណាយវិស័យការពារជាតិ ដើម្បីទប់ទល់ជាមួយចិន។ កាលណោះ សភាតៃវ៉ាន់ដែលបក្សប្រឆាំងមានសំឡេងភាគច្រើន បានជំទាស់។
យោងតាមវីដេអូនៃជំនួប ដែលផ្តល់ដោយការិយាល័យមេដឹកនាំតៃវ៉ាន់ លោក Banks ដែលជាសមាជិកគណៈកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ បានប្រាប់លោក Lai កាលពីថ្ងៃពុធថា «សភាតៃវ៉ាន់ត្រូវអនុវត្តតួនាទីរបស់ខ្លួន និងអនុម័តកញ្ចប់ថវិកាពិសេស។ នៅពេលកញ្ចប់នោះត្រូវបានអនុម័ត នោះគឺជាសញ្ញាមួយដល់ចិន និងដល់ពិភពលោកទាំងមូលថា តៃវ៉ាន់ពិតជាយកចិត្តទុកដាក់ចំពោះសន្តិភាពដែលពឹងផ្អែកកម្លាំងយោធា»។
លោក Banks ត្រូវបានគេស្គាល់ថាជាសមាជិកក្រុមអ្នកតាក់តែងច្បាប់ ៣៧រូបមកនៃគណបក្សទាំងពីរក្នុងព្រឹទ្ធសភាអាមេរិក។ កាលពីខែកុម្ភៈ លោកបានផ្ញើលិខិតឱ្យអ្នកនយោបាយជាន់ខ្ពស់តៃវ៉ាន់ ដោយសម្តែងការព្រួយបារម្ភ អំពីការជាប់គាំងផែនការចំណាយលើវិស័យការពារជាតិ៕







