រញ្ជួយដី ៤.៩រ៉ិចទ័រនៅឥណ្ឌូណេស៉ី បង្កការខូចខាតដល់ផ្ទះសម្បែង អ្នកស្រុកមួយចំនួនត្រូវរបួស (Video inside)
09-04-2026 16:54
(Maumere)៖ មន្ត្រីឥណ្ឌូណេស៉ី បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសានេះ ថារញ្ជួយដីកម្រិត ៤.៩រ៉ិចទ័រ ដែលអង្រួនភាគខាងកើតប្រទេសកាលយប់ថ្ងៃពុធ បានបំផ្លាញផ្ទះរាប់សិបខ្នង និងមនុស្សជាច្រើនរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក (USGS) ការរញ្ជួយដីនេះមានជម្រៅ ១០.៤គីឡូម៉ែត្រ ចម្ងាយប្រហែល ១០៤គីឡូម៉ែត្រភាគខាងកើត នៃទីក្រុង Maumere ខេត្ត East Nusa Tenggara។ មន្រ្តីក្នុងតំបន់ លោក Ismail Daton Ban និយាយថា ភូមិពីរនៅលើកោះតូចមួយឈ្មោះ Adonara បានរងផលប៉ះពាល់ខ្លាំងបំផុត ដោយផ្ទះជាង ១០០ខ្នងរងការខូចខាត និងយ៉ាងហោចណាស់មនុស្ស ២០នាក់រងរបួស។
គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី តែងជួបប្រទះការរញ្ជួយដី ដោយសារតែទីតាំងប្រទេសនេះស្ថិត នៅលើខ្សែក្រវាត់ភ្នំភ្លើង ដែលលាតសន្ធឹងពីជប៉ុនដល់អាស៉ីអាគ្នេយ៍ និងទូទាំងអាងប៉ាស៉ីហ្វិក៕






