ប្រទេសចិន ជាគំរូនៃសន្តិសុខសម្រាប់អាស៊ី

09-04-2026 17:54

(ប៉េកាំង)៖ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ លោកប្រធានាធិបតី Xi Jinping បានចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS តាមបែបអនឡាញ ហើយបានថ្លែងសុន្ទរកថាសំខាន់មួយ ដែលលើកឡើងអំពីគំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល (Global Governance Initiative — GGI) ដោយអំពាវនាវឱ្យបណ្តាប្រទេស BRICS ដើរមុខក្នុងការការពារពហុភាគីនិយម។ លោក Xi Jinping បានបញ្ជាក់ថា ការផ្លាស់ប្តូរដ៏ខ្លាំងក្លាដែលមិនធ្លាប់ឃើញអស់រយៈពេលមួយសតវត្សកំពុងបន្ត ហើយអំណាចឯកភាគី ពហុភាគី និង ការការពារពាណិជ្ជកម្ម (protectionism) កំពុងតានតឹងរួមជាមួយនឹង "សង្រ្គាមពាណិជ្ជកម្ម" និង "សង្រ្គាមពន្ធ" ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក។

គំនិតផ្តួចផ្តើមនៃអភិបាលកិច្ចសកល នៅអាស៊ីកំពុងត្រូវបានបង្កើតឡើងសម្រាប់ជាគំរូសន្តិសុខរបស់សាកល ជាពិសេសនៅតំបន់អាស៊ី ដែលផ្អែកលើការសហការ ដោយផ្តោតលើ “ការចែករំលែកសុខទុក្ខជាមួយគ្នា” ការស្វែងរកចំណុចរួម និងផ្តល់អាទិភាពដល់ការសន្ទនា និងការពិគ្រោះយោបល់។ នៅក្នុងតំបន់ដែលមានប្រវត្តិសាស្ត្រស្មុគស្មាញ និងភាពខុសគ្នាខាងនយោបាយ គំរូនេះផ្តល់នូវផ្លូវដ៏មានប្រសិទ្ធភាពមួយសម្រាប់រក្សាសន្តិភាព និងស្ថិរភាព ។

ករណីជម្លោះព្រំដែនកម្ពុជា–ថៃ ឆ្នាំ២០២៥ បង្ហាញពីការអនុវត្តគោលការណ៍ទាំងនេះក្នុងភាពពិតនៃជម្លោះព្រំដែន ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេសចិន។ ជម្លោះព្រំដែនឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ បានបង្កការព្រួយបារម្ភអំពី ស្ថិរភាពសន្តិសុខតំបន់ ជាពិសេសនៅតំបន់ព្រំដែនដែលមានភាពរសើប ដែលអាចបង្កឱ្យក្លាយជាជម្លោះភូមិសាស្រ្តនយោបាយ កាន់តែរីករាលដាលឡើងៗ ឈានដល់កម្រិតតំបន់។ ទោះបីជាជម្លោះនេះ មានដើមកំណើតពីបញ្ហាការកាន់កាប់និងគ្រប់គ្រងដែនដី យូរមកហើយក៏ដោយ ភាគីទាំងពីរក៏បានបង្ហាញភាពអត់ធ្មត់ច្រើនជាងមុន។ នេះបង្ហាញពីឥទ្ធិពលនៃគំរូអភិបាលកិច្ចតំបន់ ដែលផ្តល់អាទិភាពដល់ការសន្ទនាជំនួសការប្រឈមមុខ។ គោលការណ៍ “ការចែករំលែកសុខទុក្ខជាមួយគ្នា” លើកទឹកចិត្តឋ​ឱ្យប្រទេសទាំងឡាយយល់ថា អនាគតរបស់ពួកគេចងភ្ជាប់គ្នា។

កម្ពុជា និងថៃ ជាសមាជិកអាស៊ាន មានទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រួមគ្នា។ ការកើនឡើងនៃជម្លោះនឹងប៉ះពាល់ដល់ ការអភិវឌ្ឍន៍តំបន់ទាំងមូល។ ដូច្នេះ ភាគីទាំងពីរមាន ចំណង់ចំណូលចិត្តក្នុងការជៀសវាងការប្រឈមមុខយូរអង្វែង។ គោលការណ៍ “ស្វែងរកចំណុចរួម និងទាត់ចោលនូវភាពខុសគ្នា” ក៏មានសារៈសំខាន់ដែរ។ នៅក្នុងជម្លោះឆ្នាំ២០២៥ ទោះបីជាបញ្ហាអធិបតេយ្យភាព មិនទាន់ដោះស្រាយក៏ដោយ ប្រទេសទាំងពីរបានប្រើប្រាស់បណ្តាញការទូត ដើម្បីគ្រប់គ្រងភាពតានតឹង។ ការផ្តោតលើការបន្ថយភាពតានតឹងភ្លាមៗ ជួយការពារការកើនឡើងទៅជាជម្លោះធំ។ លើសពីនេះទៀត ប្រទេសចិនបានអញ្ជើញអ្នកសិក្សាស្រាវជ្រាវរបស់ប្រទេសទាំងពីរមកជជែកគ្នា ក្នុងកម្រិតអ្នកវិទ្យាសាស្រ្តដើម្បីរកឱ្យឃើញគំនិតរួមគ្នា ក្នុងការដោះស្រាយបញ្ហាដោយស្ថិតក្រោមការសម្របសម្រួលរបស់ចិនកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះនាទីក្រុងប៉េកាំង។

ការសន្ទនា និងការពិគ្រោះយោបល់មានតួនាទីសំខាន់ក្នុងការបន្ធូរភាពតានតឹងផងដែរ ហើយអាស៊ានបានជួយសម្របសម្រួល និងលើកទឹកចិត្តឱ្យមានការចរចាដោយសន្តិភាព។ ក្នុងពេលដូចគ្នានេះដែរ ប្រទេសចិនបានគាំទ្រការប្រើប្រាស់វិធីសាស្ត្រទូត ដោយលើកទឹកចិត្តឱ្យមានការអត់ធ្មត់ និងការចរចា។ ការចូលរួមរបស់ប្រទេសដទៃដូចជាចិន បង្ហាញថា អភិបាលកិច្ចសន្តិសុខ នៅអាស៊ីគឺផ្អែកលើការចូលរួមរួមគ្នា។ សន្តិសុខមិនអាចគ្រប់គ្រងដោយប្រទេសតែមួយបានទេ ប៉ុន្តែត្រូវការការសហការ និងការគោរពគ្នាទៅវិញទៅមក។ ទោះបីជាយ៉ាងណា ក៏មានបញ្ហាប្រឈម។ ការទាត់ចោលនូវភាពខុសគ្នា អាចបណ្តាលឱ្យមាន ការដោះស្រាយរយៈពេលវែងយឺតយ៉ាវ។ ទោះជាយ៉ាងណា ករណីឆ្នាំ២០២៥និងដើមឆ្នាំ២០២៦នេះ បង្ហាញថា ការផ្តល់អាទិភាពដល់ការសន្ទនា អាចជួយរក្សាស្ថិរភាពបានយ៉ាងមានប្រសិទ្ធភាព។

សរុបមក គំរូសន្តិសុខនៅអាស៊ីដែលផ្អែកលើការសហការ និងការសន្ទនា ផ្តល់នូវវិធីសាស្ត្រដ៏មានប្រយោជន៍ សម្រាប់គ្រប់គ្រងជម្លោះ។ ករណីកម្ពុជា–ថៃ ឆ្នាំ២០២៥ បង្ហាញថា គោលការណ៍ទាំងនេះ អាចជួយសម្រួលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា