អ៊ីស្រាអែលបន្តវាយប្រហារលើលីបង់ បន្ទាប់ពីការវាយប្រហារដ៏ធំបំផុតកាលពីពេលថ្មីៗដែលសម្លាប់មនុស្សជាង ២៥០នាក់ (Video inside)
09-04-2026 19:32
(ឌូបៃ/បេរូត)៖ អ៊ីស្រាអែលបានបន្តបើកការវាយប្រហារទៅលើគោលដៅនានាក្នុងប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍ ដែលសកម្មភាពនេះកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារដ៏ធំបំផុតកាលពីពេលថ្មីៗនេះបានសម្លាប់មនុស្សជាង ២៥០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទន្ទឹមនឹងនេះ ក្រុមអ្នកចរចាអ៊ីរ៉ង់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីចូលរួមកិច្ចចរចាសន្តិភាពជាមួយគណៈប្រតិភូសហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ទោះជាយ៉ាងណាក្តី ទីក្រុងតេអេរ៉ង់ (Tehran) បានព្រមានថានឹងមិនមានកិច្ចព្រមព្រៀងណាមួយកើតឡើងឡើយ ដរាបណាអ៊ីស្រាអែលនៅតែបន្តវាយប្រហារលើលីបង់ ខណៈអ៊ីរ៉ង់ក៏មិនទាន់បានដកការរាំងខ្ទប់នៅច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលកំពុងរុញច្រានតម្លៃប្រេងពិភពលោកឱ្យហក់ឡើងដល់ជិត ១៥០ដុល្លារក្នុងមួយធុងនោះដែរ។
ភាពចម្រូងចម្រាសជុំវិញវិសាលភាពនៃបទឈប់បាញ់នៅតែបន្តកើតមាន ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានអះអាងថា ប្រតិបត្តិការយោធានៅលីបង់មិនស្ថិតនៅក្រោមបទឈប់បាញ់ដែលប្រកាសដោយលោក ដូណាល់ ត្រាំ (Donald Trump) នោះទេ។ ផ្ទុយទៅវិញ អ៊ីរ៉ង់ និងប៉ាគីស្ថានដែលជាអ្នកសម្របសម្រួល រួមទាំងប្រទេសមួយចំនួនទៀតដូចជាអង់គ្លេស និងបារាំង សុទ្ធតែបានសង្កត់ធ្ងន់ថា បទឈប់បាញ់នេះត្រូវតែរួមបញ្ចូលប្រទេសលីបង់។
ជុំវិញបញ្ហានេះ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ខ្លួនកំពុងប្រឹងប្រែងស្វែងរកបទឈប់បាញ់សម្រាប់ប្រទេសលីបង់ និងប្រទេសយេម៉ែន ហើយបញ្ហាចម្រូងចម្រាសនេះនឹងត្រូវលើកយកមកពិភាក្សាលម្អិតបន្ថែមទៀត នៅក្នុងកិច្ចចរចាដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ដើម្បីឈានទៅរកការដោះស្រាយរួមមួយ៕





