អេស្ប៉ាញបង្កើនការរិះគន់យ៉ាងចាស់ដៃលើអ៊ីស្រាអែល និងអាមេរិក ដោយមិនខ្វល់ពីការគំរាមកំហែងរបស់លោក ត្រាំ (Video inside)

09-04-2026 20:48

(ម៉ាឌ្រីដ)៖ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ ក៏ដូចជាសង្គ្រាមជារួមនៅប្រទេសអ៊ីរ៉ង់។ ជំហរនេះបានធ្វើឱ្យទីក្រុងម៉ាឌ្រីដ (Madrid) ក្លាយជាអ្នករិះគន់យ៉ាងចំហលើប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទោះបីជាមានការគំរាមកំហែងពីសំណាក់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តណាតូ (NATO) ដែលមិនព្រមសហការក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក ចូសេ ម៉ានុយអែល អាល់បារ៉េស (Jose Manuel Albares) បានហៅជម្លោះនេះថាជាការវាយប្រហារលើអរិយធម៌ ដោយចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភបំពានច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់ ក្រោយការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំនៅលីបង់បានសម្លាប់មនុស្សជាង ២៥០នាក់។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រី សាន់ឆេស ក៏បានទទូចឱ្យសហភាពអឺរ៉ុប (EU) ព្យួរកិច្ចព្រមព្រៀងសមាគមរបស់ខ្លួនជាមួយអ៊ីស្រាអែល ដើម្បីជាការបញ្ចប់ភាពគ្មានទោសពៃរ៍ចំពោះទង្វើដែលលោកហៅថាជា «សកម្មភាពឧក្រិដ្ឋកម្ម» របស់អ៊ីស្រាអែលផងដែរ៕

គួរបញ្ជាក់ថា​​​ ជំហរប្រឆាំងរបស់អេស្ប៉ាញនេះ​ បានធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនកាន់តែមានភាពតានតឹង ខណៈក្រុមអ្នកគាំទ្រចលនា MAGA របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងជំរុញកាន់តែខ្លាំងឱ្យមេដឹកនាំរូបនេះដាក់ទណ្ឌកម្មលើអេស្ប៉ាញ៕