ប្រមុខណាតូប្រាប់សម្ព័ន្ធមិត្តថា លោក ត្រាំ ទាមទារការប្តេជ្ញាចិត្តជួយការពារច្រកសមុទ្រហ័រមូសក្នុងពេលប៉ុន្មានថ្ងៃខាងមុខ (Video inside)
09-04-2026 22:37
(ព្រុចសែល)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក ម៉ាក រូតត៍ (Mark Rutte) បានជម្រាបដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្តថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បានការប្តេជ្ញាចិត្តជាក់លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីជួយធានាសន្តិសុខនៅច្រកសមុទ្រហ័រមូស (Strait of Hormuz)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីលោក រូតត៍ បានជួបពិភាក្សាការងារជាមួយលោក ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ចំពេលដែលមានភាពតានតឹងក្នុងសម្ព័ន្ធភាពយោធាមួយនេះជុំវិញសង្គ្រាមនៅអ៊ីរ៉ង់។ កន្លងមក មេដឹកនាំអាមេរិករូបនេះតែងតែហៅណាតូថាជា «ខ្លាក្រដាស» និងបានគំរាមដកខ្លួនចេញពីសម្ព័ន្ធភាពឆ្លងអាត្លង់ទិកដែលមានសមាជិក ៣២ប្រទេសនេះ ដោយចោទប្រកាន់ថាសម្ព័ន្ធមិត្តអឺរ៉ុបពឹងផ្អែកតែលើការធានាសន្តិសុខពីអាមេរិក ប៉ុន្តែមិនបានផ្តល់ការគាំទ្រគ្រប់គ្រាន់សម្រាប់យុទ្ធនាការយោធារបស់ខ្លួន និងអ៊ីស្រាអែលនៅអ៊ីរ៉ង់ឡើយ។
ជុំវិញបញ្ហានេះ អ្នកការទូតអឺរ៉ុបបានសម្តែងការខកចិត្តដែលទីក្រុងវ៉ាស៊ីនតោនមិនបានពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តមុន ឬក្រោយពេលចាប់ផ្តើមសង្គ្រាម ប៉ុន្តែបានបញ្ជាក់ថាណាតូនឹងមិនចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ទោះជាយ៉ាងណាសម្ព័ន្ធមិត្តចង់ជួយស្វែងរកដំណោះស្រាយរយៈពេលវែងសម្រាប់ច្រកសមុទ្រហ័រមូស។ ទន្ទឹមនឹងនេះ លោក រូតត៍ បានប្រាប់សារព័ត៌មាន CNN ក្រោយជំនួបនោះថា លោក ត្រាំ ពិតជាមានការខកចិត្តយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តណាតូជាច្រើន ហើយលោកក៏យល់ពីទស្សនៈរបស់មេដឹកនាំអាមេរិករូបនេះផងដែរ។
ទោះបីជាលោក ត្រាំ បានប្រកាសពីការផ្អាកការវាយប្រហារលើអ៊ីរ៉ង់ក្រោមបទឈប់បាញ់រយៈពេលពីរសប្តាហ៍ក៏ដោយ ក៏ផលវិបាកនៃជម្លោះនេះនៅតែបន្តធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុបមានភាពតានតឹងដដែល។ ក្រោយជំនួបជាមួយប្រមុខណាតូរួចមក លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ដោយសង្កត់ធ្ងន់ថា «ណាតូមិននៅទីនោះទេនៅពេលដែលយើងត្រូវការពួកគេ ហើយពួកគេក៏នឹងមិននៅទីនោះដែរ ប្រសិនបើយើងត្រូវការពួកគេម្តងទៀត»៕




