មេដឹកនាំកំពូលអ៉ីរ៉ង់ ថ្លែងថាអ៉ីរ៉ង់មិនចង់ធ្វើសង្រ្គាមនោះទេ តែត្រូវការពារខ្លួនក្នុងនាមជាប្រទេសមួយ

10-04-2026 09:15

(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei បាននិយាយនៅក្នុងសំណេរសរសេរដោយដៃចុងក្រោយបំផុតមួយរបស់លោកថាអីរ៉ង់មិនចង់មានសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលនោះទេ ប៉ុន្តែត្រូវតែការពារសិទ្ធិរបស់ខ្លួនឯងក្នុងនាមជាប្រទេសមួយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសំណេរសរសេរដៃខាងលើ និងដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៉ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ លោក Mojtaba Khamenei បានគូសបញ្ជាក់ដូច្នេះថា «យើងមិនមែនកំពុងស្វែងរកសង្គ្រាមទេ ហើយក៏មិនចង់ធ្វើសង្រ្គាមនោះដែរ។ ប៉ុន្តែយើងនឹងមិនបោះបង់ចោលសិទ្ធិស្របច្បាប់របស់យើងឡើយ មិនថានៅក្រោមកាលៈទេសៈណាក៏ដោយ»

គួរបញ្ជាក់ថា អីរ៉ង់ក្នុងសប្ដាហ៍នេះបានយល់ព្រមទទួលយកបទឈប់បាញ់ដ៏ផុយស្រួយមួយរយៈពេល២សប្ដាហ៍ជាមួយសហរដ្ឋអាមេរិក ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចចរចាសន្តិភាព។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បង្ហាញការសង្ស័យជាច្រើនលើកថាលោក Mojtaba Khamenei ប្រហែលជាបានស្លាប់បាត់ទៅហើយ។ ប៉ុន្តែទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានអះអាងថាមេដឹកនាំកំពូលរបស់ខ្លួនកំពុងជាសះស្បើយពីរបួស និងបានបង្ហោះរូបថតជាច្រើនសន្លឹករបស់លោក តែមិនបានបញ្ជាក់ថាតើរូបថតទាំងនោះត្រូវបានថតតាំងពីពេលណានោះទេ៕