មន្ត្រីការទូតរុស្ស៉ី៖ ទីក្រុងមូស្គូនឹងមិនបោះបង់ចោលគុយបាឡើយ (Video inside)
10-04-2026 09:28
(Reuters)៖ រុស្ស៉ីនឹងមិនបោះបង់ចោល ឬក្បត់គុយបានោះទេ ហើយមានផែនការជួយដល់ប្រទេសកុម្មុយនិស្តមួយនេះក្នុងការដោះស្រាយវិបត្តិថាមពលដែលបង្កឡើងដោយការបិទខ្ទប់របស់សហរដ្ឋអាមេរិក។ នេះជាសម្ដីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Ryabkov ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់របស់លោក Sergei Ryabkov ត្រូវបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ីនៅថ្ងៃសុក្រ ទី១០ ខែមេសា នៅឯសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងឡាហាវ៉ាន ប្រទេសគុយបាជាទីដែលលោកបានធ្វើទស្សនកិច្ច។ លោក Ryabkov ក៏បានលើកឡើងដែរថាទីក្រុងមូស្គូមិនមានបំណងបោះបង់ចោលផលប្រយោជន៍ របស់ខ្លួននៅក្នុងតំបន់អាមេរិកឡាទីននោះឡើយ មិនថាសហរដ្ឋអាមេរិកនិយាយអ្វីក៏ដោយ។
តាមអនុរដ្ឋមន្ត្រីការបរទេសរូបនេះ ជំនួយរបស់ទីក្រុងមូស្គូសម្រាប់គុយបាមិនមែនមានត្រឹមតែបញ្ជូនប្រេងទៅគុយបាកាលពីខែកុម្ភៈកន្លងទៅទេ។ «យើងមិនអាចក្បត់ ហើយក៏មិនបោះបង់ចោលគុយបាដែរ»។ នេះជាការគូសបញ្ជាក់របស់លោក Sergei Ryabkov ជាមួយការបន្ថែមថាតម្រូវការថាមពលរបស់គុយបាគឺជាអាទិភាពមួយ។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ កប៉ាល់ដឹកប្រេងរុស្ស៉ីមួយគ្រឿងឈ្មោះ Anatoly Kolodkin ដែលជាប់ទណ្ឌកម្មអាមេរិក បានធ្វើដំណើរទៅដល់គុយបាដោយដឹកប្រេង ៧០០ ០០០បារែល ហើយនេះជាការប្រគល់ប្រេងលើកដំបូងបំផុតចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបិទខ្ទប់ប្រេងមិនឱ្យចូលទៅគុយបា។ សហរដ្ឋអាមេរិកបាននិយាយថាខ្លួនបានអនុញ្ញាតឱ្យកប៉ាល់រុស្ស៉ីដឹកប្រេងចូលគុយបា នៅក្រោមហេតុផលមនុស្សធម៌៕






