លោក ណេតាន់យ៉ាហ៊ូ ថាអ៉ីស្រាអែលនឹងបន្តវាយក្រុមហេសបូឡាលីបង់ (Video inside)

10-04-2026 11:49

(ហ៊្សេរុយសាឡិម)៖ លោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ថាអ៉ីស្រាអែលនឹងបន្តវាយប្រហារក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ «នៅកន្លែងណាដែលចាំបាច់» មួយថ្ងៃក្រោយការវាយប្រហារដ៏សាហាវរបស់អ៉ីស្រាអែល សម្លាប់មនុស្សរាប់រយនាក់នៅលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅលើគណនី X ផ្ទាល់ខ្លួន លោក ណេតាន់យ៉ាហ៊ូ បានបង្ហោះសារមួយយ៉ាងដូច្នេះថា «យើងកំពុងបន្តវាយក្រុមហេសបូឡា ដោយប្រើកម្លាំងយោធា ជាមួយភាពជាក់លាក់ និងការប្តេជ្ញាចិត្ត»។ លោកបានសរសេរទៀតថា «នរណាក៏ដោយដែលធ្វើសកម្មភាពប្រឆាំងជនស៊ីវិលអ៉ីស្រាអែល យើងនឹងវាយប្រហារពួកគេ។ យើង​នឹង​បន្ត​វាយ​ក្រុម​ហេសបូឡា​នៅ​កន្លែង​ណា​ដែល​ចាំបាច់ ​រហូត​ដល់យើងអាច​ស្ដារ​សន្តិសុខ​ពេញលេញ សម្រាប់​​ប្រជាជន​នៅ​ភាគ​ខាង​ជើង»

គួរបញ្ជាក់ថា អ៉ីស្រាអែល មានព្រំដែនភាគខាងជើងជាប់នឹងភាគខាងត្បូងនៃប្រទេសលីបង់ ជាទីដែលក្រុមហេសបូឡាឈរជើង។ ហេសបូឡា ត្រូវបានគេស្គាល់ថាជាចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅក្នុងតំបន់ ហើយត្រូវបានអូសទាញឱ្យចូលក្នុងសង្រ្គាមឡើងវិញ កាលពីដើមខែមីនា ក្រោយអាមេរិក-អ៉ីស្រាអែលបំផ្ទុះសង្រ្គាមជាមួយអ៉ីរ៉ង់៕