រដ្ឋមន្រ្តីការបរទេសចិន រិះគន់ការដាក់សម្ពាធរបស់អាមេរិកលើកូរ៉េខាងជើង អំឡុងទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង (Video inside)

10-04-2026 13:24

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រមុខការទូតចិន បានរិះគន់ការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក លើប្រទេសកូរ៉េខាងជើង បន្ទាប់ពីរូបលោកបានប្តេជ្ញាធ្វើឱ្យទំនាក់ទំនង ជាមួយកូរ៉េខាងជើងកាន់តែស៉ីជម្រៅ អំឡុងការបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦។

អំឡុងជំនួបជាមួយសមភាគីកូរ៉េខាងជើង លោកស្រី Choe Son Hui កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានលើកឡើងថា ទីក្រុងព្យុងយ៉ាងសម្រេចបានសមិទ្ធផលអស្ចារ្យថ្មីៗ ក្នុងការកសាងប្រទេសសង្គមនិយមរបស់ខ្លួន បើទោះបីជា​បានទទួលរងនូវ អ្វីដែលរូបលោកពណ៌នាថា ជាផែនការដាក់សម្ពាធនិងធ្វើឱ្យឯកោកាន់តែខ្លាំងឡើងៗពីសំណាក់សហរដ្ឋអាមេរិក និង​ក្រុមមហាអំណាចលោកខាងលិច។ លោក Wang បានប្រាប់លោកស្រី Choe ថា ចិនមានឆន្ទៈធ្វើការជាមួយកូរ៉េខាងជើង ដើម្បីពង្រឹងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតនិងគ្រប់វិស័យ ហើយបន្តជំរុញឱ្យទំនាក់ទំនងឱ្យកាន់តែស៉ីជម្រៅថែមទៀត។

ទីក្រុងប៉េកាំង គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងជើង និងជាខ្នងបង្អែកដ៏សំខាន់ផ្នែកការទូត សេដ្ឋកិច្ច និងនយោបាយ សម្រាប់ទីក្រុងព្យុងយ៉ាង។ ច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិក បានដឹកនាំកិច្ចប្រឹងប្រែងដើម្បីរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ប៉ុន្តែការដាក់ទណ្ឌកម្ម ការបង្កើនសម្ពាធការទូត និងសូម្បីតែការបើកកិច្ចប្រជុំកំពូលដើម្បីចរចា គឺទទួលបានលទ្ធផលតិចតួចប៉ុណ្ណោះ គិតមកទល់ពេលនេះ។

គួរបញ្ជាក់ថា ទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោក Wang គឺជាលើកទីមួយ គិតចាប់តាំងពីឆ្នាំ២០១៩មក ហើយវាកើតមានឡើង ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងបើកកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅទីក្រុងប៉េកាំង នាខែឧសភា ខណៈទន្ទឹមគ្នានេះ រដ្ឋបាលរបស់លោក ក៏មានបំណងចង់ស្តារ​កិច្ចចរចាកម្រិតខ្ពស់ឡើងវិញ ជាមួយទីក្រុងព្យុងយ៉ាងផងដែរ៕