ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Min Aung Hlaing ចង់ពង្រឹងទំនាក់ទំនងអន្តរជាតិ និងស្តារចំណងទាក់ទងឡើងវិញជាមួយអាស៊ាន

10-04-2026 14:06

(ណៃពិដោ)៖ នាថ្ងៃសុក្រនេះ ប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា រដ្ឋាភិបាលថ្មីរបស់លោក មានបញ្ហាប្រឈមជាច្រើនដែលត្រូវជម្នះ ហើយនឹងប្រឹងប្រែងពង្រឹងទំនាក់ទំនងអន្តរជាតិ ក៏ដូចជាស្តារឡើងវិញ​នូវចំណងទាក់ទងជាមួយអាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦។

ក្នុងការថ្លែងសុន្ទរកថាលើកដំបូងទៅកាន់សភា ក្រោយស្បថចូលកាន់តំណែងជាផ្លូវការ អតីតមេដឹកនាំរបបយោធារូបនេះ បាននិយាយថា សន្តិភាពនិងលទ្ធិប្រជាធិបតេយ្យ គឺជាអាទិភាពចម្បងរបស់លោក ហើយរដ្ឋាភិបាលនឹងប្រឹងប្រែងទាក់ទាញ​ការវិយោគពីបរទេស អភិវឌ្ឍវិស័យកសិកម្ម ព្រមទាំងបង្កើតផែនការយុទ្ធសាស្រ្តរយៈពេលវែង ដែលប្រកបដោយប្រសិទ្ធភាព។

លោក Min Aung Hlaing បានលើកឡើងយ៉ាងដូច្នេះថា «មីយ៉ាន់ម៉ាឥឡូវកំពុងដើរលើគន្លងផ្លូវនៃលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែរដ្ឋាភិបាលថ្មី មានបញ្ហាប្រឈមជាច្រើនដើម្បីជម្នះ។ រដ្ឋាភិបាលថ្មី នឹងអនុវត្តផែនការយុទ្ធសាស្រ្ត ឈរលើប្រជាធិបតេយ្យ​និងសហព័ន្ធនិយម... អាទិភាពចម្បងរបស់យើង គឺសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យ។ យើងនឹងពង្រឹងទំនាក់ទំនងអន្តរជាតិ ហើយខិតខំស្តារទំនាក់ទំនងជាមួយអាស៊ាន ឱ្យវិលទៅរកប្រក្រតីភាពវិញ»។

គួរបញ្ជាក់ថា លោក Min Aung Hlaing ត្រូវបានសភាបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីកាលពីសប្តាហ៍មុន បើកផ្លូវឱ្យ​រូបលោកនៅរក្សាអំណាច ក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមស៉ីវិល រយៈពេល៥ឆ្នាំបន្ទាប់ពីរូបលោក បានដឹកនាំការធ្វើរដ្ឋប្រហារយោធា ដែលបានរុញច្រានប្រទេសធ្លាក់ចូលក្នុងភាពចលាចល។ ការកែប្រែមុខមាត់ពីប្រមុខយោធា មកជាប្រធានាធិបតីស៉ីវិលរបស់លោក Min Aung Hlaing គឺក្រោយការបោះឆ្នោតសកលកាលពីខែមករា ដែលគណបក្សគាំទ្រដោយយោធា ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ប៉ុន្តែបានរងការរិះគន់ពីអង្គការសហប្រជាជាតិ និងក្រុមប្រទេសលោកខាងលិចថា ជាការបោះឆ្នោតក្លែងក្លាយ ដើម្បីបន្តអំណាចរបស់យោធា ក្រោមរូបភាពលទ្ធិប្រជាធិបតេយ្យ៕