អ៉ីស្រាអែល នឹងបើកកិច្ចចរចាឈប់បាញ់ដាច់ដោយឡែកជាមួយលីបង់ នៅសហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ (Video inside)

10-04-2026 14:38

(វ៉ាស៉ីនតោន)៖ មន្រ្តីក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាដោយផ្ទាល់​រវាងអ៉ីស្រាអែលនិងលីបង់ នាសប្តាហ៍ក្រោយ ដើម្បីស្វែងរកបទឈប់បាញ់រវាងភាគីទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានតួកគីយ៉េ Anadolu នាថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦។

មន្រ្តីខាងលើបាននិយាយដូច្នេះថា «យើងអាចបញ្ជាក់បានថា ក្រសួងការបរទេសនឹងរៀបចំជំនួបមួយនាសប្តាហ៍ក្រោយ ដើម្បីជជែកអំពី​កិច្ចចរចាស្វែងរកបទឈប់បាញ់ ជាមួយអ៉ីស្រាអែលនិងលីបង់»។ បើតាមសេចក្តីរាយការណ៍ព័ត៌មាន ប្រតិភូអាមេរិក នឹងដឹកនាំដោយ​ឯកអគ្គរដ្ឋទូតប្រចាំលីបង់ លោក Michel Issa រីឯអ៉ីស្រាអែល នឹងតំណាងដោយឯកអគ្គរដ្ឋទូតប្រចាំទីក្រុងវ៉ាស៉ីនតោន លោក Yechiel Leiter ហើយអ្នកតំណាងរបស់លីបង់ គឺឯកអគ្គរដ្ឋទូត លោកស្រី Nada Hamadeh-Moawad។

យោធាអ៉ីស្រាអែល បានបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសលីបង់ ចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះមក ដោយសម្លាប់មនុស្ស​យ៉ាងហោចជាង៣០០នាក់ ហើយប្រហែល១១៥០នាក់ផ្សេងទៀតបានរងរបួស បើទោះបីជាអាមេរិកនិងអ៉ីរ៉ង់ បានប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍។ ស្របពេលប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួល បានអះអាងថា បទឈប់បាញ់នោះ គឺរាប់បញ្ចូលទាំងលីបង់ ទីក្រុងវ៉ាស៉ីនតោននិងអ៉ីស្រាអែល បានបដិសេធថាមិនដូច្នោះទេ។

គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលលីបង់ សង្រ្គាមរបស់អ៉ីស្រាអែលនៅប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី២ ខែមីនា បានផ្តាច់ជីវិតមនុស្សសរុប១៨៨៨នាក់ និងបង្កឱ្យរបួស​៦០៩២នាក់៕