លោក ហ្សេលេនស្គី ទទូចឱ្យអាមេរិកដាក់ទណ្ឌកម្មប្រេងរុស្ស៉ីឡើងវិញ ក្រោយមានបទឈប់បាញ់អ៉ីរ៉ង់ (Video inside)
10-04-2026 15:14
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រូបលោកចង់ឱ្យទណ្ឌកម្មផ្នែកថាមពល ត្រូវបានដាក់លើរុស្ស៉ីឡើងវិញ ក្រោយកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ ដែលតែគួរបើកចំហច្រកសមុទ្រ Hormuz ជាថ្មី ក្រោយការបិទខ្ទប់ព្រោះតែសង្រ្គាម ដែលធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ការផ្គត់ផ្គង់ថាមពលជាសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦។
លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា «ឥឡូវនេះ បទឈប់បាញ់កំពុងចាប់ផ្តើមអនុវត្តនៅមជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រអារ៉ាប់ ហើយខ្ញុំកំពុងទន្ទឹងរង់ចាំ ឱ្យការដាក់ទណ្ឌកម្មលើប្រេងរុស្ស៉ី ត្រូវបានអនុវត្តពេញលេញឡើងវិញ ដូចកាលពីមុន»។
កាលពីខែមីនា សហរដ្ឋអាមេរិក បានសម្រេចបន្ធូរបន្ថយទណ្ឌកម្មដែលដាក់លើប្រេងរុស្ស៉ី ដើម្បីទប់ទល់ការហក់ឡើងយ៉ាងគំហុក នៃថ្លៃថាមពលដែលបណ្តាលមកពីសង្រ្គាមនៅមជ្ឈិមបូព៌ា។ ទីក្រុងកៀវនិងសម្ព័ន្ធមិត្តអឺរ៉ុបបានព្រមានថា ការធ្វើបែបនោះអាចជួយបង្កើនធនធានសម្រាប់ធ្វើសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ចំណាត់ការលើកលែងរបស់អាមេរិក អនុញ្ញាតឱ្យប្រទេសនានា អាចទិញប្រេងរុស្ស៉ីដែលជាប់គាំងនៅលើសមុទ្រស្រាប់ រហូតដល់ថ្ងៃទី១១ ខែមេសា ខណៈក្នុងសប្តាហ៍នេះ មានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៉ីនតោន អាចនឹងបន្តរយៈពេលបន្ថែមទៀត។
គួរបញ្ជាក់ថា ការកើនឡើងជាទូទៅនៃតម្លៃប្រេង ចាប់តាំងពីសង្រ្គាមអាមេរិកនិងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីខែចុងខែកុម្ភៈ បានជួយបង្កើនធនធានហិរញ្ញវត្ថុរបស់រុស្ស៉ី ដែលបានថយចុះយ៉ាងកត់សម្គាល់ ដោយសារសង្រ្គាមអូសបន្លាយជាង៤ឆ្នាំនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មពីលោកខាងលិច៕






