មេបក្សប្រឆាំងនៅតៃវ៉ាន់ ចូលជួបលោក ស៉ី ជីនពីង ក្នុងទីក្រុងប៉េកាំង (Video inside)

10-04-2026 15:45

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានជួបមេដឹកនាំគណបក្ស Kuomintang (KMT) ដែលជាបក្សប្រឆាំងនៅតៃវ៉ាន់ លោកស្រី Cheng Li-wun (ឆឹង លីវ៉ិន) ក្នុងទីក្រុងប៉េកាំង និងបានប្រាប់ក្រុមប្រតិភូ អំពីទំនុកចិត្តយ៉ាងពេញលេញ ថាប្រជាជនតៃវ៉ាន់ និងចិន នឹងរួបរួមគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦។

លោក ស៉ី ប្រាប់លោកស្រី Cheng ថានិន្នាការទូទៅនៃជនរួមជាតិនៅសងខាងច្រកសមុទ្រតៃវ៉ាន់ កាន់តែខិតជិតគ្នា ហើយការធ្វើឱ្យរួបរួមគឺមិនផ្លាស់ប្តូរឡើយ។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានដកស្រង់សម្តីលោក ស៉ី ដែលនិយាយថា «នេះគឺជាផ្នែកមួយមិនអាចចៀសបានពីប្រវត្តិសាស្ត្រ»។

លោកស្រី Cheng បានប្រាប់លោក ស៉ី ថាលោកស្រីសង្ឃឹមថា «ភាគីទាំងពីរគួរតែឆ្លងផុតការប្រឈមមុខដាក់គ្នា ផ្នែកនយោបាយ ហើយស្វែងរកដំណោះស្រាយជាប្រព័ន្ធមួយ ដើម្បីការពារ និងបញ្ចៀសសង្គ្រាម ដើម្បីឱ្យច្រកសមុទ្រតៃវ៉ាន់ ក្លាយជាគំរូនៃការដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងពិភពលោក»

គួរបញ្ជាក់ថា លោកស្រី Cheng គឺជាមេដឹកនាំដំបូងនៃគណបក្ស Kuomintang ដែលបានទៅបំពេញទស្សនកិច្ចប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍។ ប៉ុន្តែ​​ទស្សនកិច្ច​របស់លោកស្រី បាន​បង្ក​ឱ្យ​មានការ​ជជែក​ដេញដោល​គ្នា​នៅ​តៃវ៉ាន់​ ដោយ​អ្នក​រិះគន់​ចោទប្រកាន់​លោកស្រី ថា​ទ្រ​ក្រុង​ប៉េកាំង​ពេក៕