ជំទាវទីមួយអាមេរិក Melania Trump បដិសេធពាក្យចចាមអារ៉ាម ពាក់ព័ន្ធជាមួយពិរុទ្ធជន Epstein (Video inside)

10-04-2026 16:27

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជំទាវទីមួយរបស់សហរដ្ឋអាមេរិក លោកស្រី Melania Trump បាននិយាយថា លោកស្រីគ្មានទំនាក់ទំនងអ្វីជាមួយពិរុទ្ធជន Jeffrey Epstein ឡើយ ហើយក៏មិនមែនជាជនរងគ្រោះ ក្នុងសំណុំរឿងអាស្រូវផ្លូវភេទ Epstein នោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reruters នាថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦។

ការបដិសេធរបស់លោកស្រី គឺឆ្លើយតបទៅនឹងពាក្យខ្សឹបខ្សាវតាមអនឡាញ ដែលថាពិរុទ្ធជនល្មោភកាម Epstein បានណែនាំលោកស្រី ឱ្យប្រធានាធិបតី ដូណាល់ ត្រាំ បានស្គាល់។ លោកស្រី Melania និយាយថាបានជួបលោក ត្រាំ នៅឯពិធីជប់លៀងមួយ ក្នុងទីក្រុងញូវយ៉ក ឆ្នាំ ១៩៩៨ ពោលគឺពីរឆ្នាំ មុនពេលមានកម្មវិធីជាមួយ លោក Epstein ក្នុងព្រឹត្តិការណ៍មួយ ដែលលោកស្រី និងលោក ត្រាំទៅជាមួយគ្នា។

លោកស្រី Melania ក៏បានជំរុញឱ្យព្រឹទ្ធសភាអាមេរិក ធ្វើសវនាការជាសាធារណៈ ជាមួយជនរងគ្រោះក្នុងសំណុំរឿង Epstein ដើម្បីឱ្យពួកគេរៀបរាប់ពីដំណើររឿង ជាមួយការស្បថស្បែផងដែរ។ លោកស្រីបានបដិសេធឆ្លើយសំណួរពីអ្នកសារព័ត៌មាន ដោយនិយាយថាការកុហកដែលភ្ជាប់ខ្ញុំជាមួយនិង Jeffrey Epstein ត្រូវតែបញ្ចប់ត្រឹមថ្ងៃនេះ៕