ការអភិវឌ្ឍបៃតងរបស់ចិនបំពេញបន្ថែមកម្លាំងចលករ ដល់ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព

10-04-2026 17:07

(ប៉េកាំង)៖ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ កាលពីឆ្នាំ២០១២ លោក Xi Jinping អគ្គលេខាធិការបក្ស បានចូលរួមសកម្មភាពដាំដើមឈើស្ម័គ្រចិត្ត នៅទីក្រុងប៉េកាំងអស់រយៈពេល ១៤ ឆ្នាំជាប់ៗគ្នា។ លោកបានថ្លែងថា «ការដាំដើមឈើ គឺជាភារកិច្ចដ៏សំខាន់មួយក្នុងការកសាងប្រទេសចិនដ៏ស្រស់ស្អាត។ យើងត្រូវគ្រោងផែនការបច្ចុប្បន្ន និងវែងឆ្ងាយដោយផ្តោតលើ ភ្នំបៃតងជានិច្ច ខំប្រឹងតស៊ូពីមួយជំនាន់ទៅមួយជំនាន់ បំពេញភារកិច្ចសំខាន់មួយនេះយ៉ាងប្រាកដប្រជា ដើម្បីផ្តល់ផលប្រយោជន៍ដល់ជាតិនិងប្រជាជន។

កាលពីខែមេសា ឆ្នាំ២០២១ ពេលចុះត្រួតពិនិត្យការងារនៅភូមិម៉ៅជូសាន ភូមិភាគស្វយ័តក្វាងស៊ី លោក Xi Jinping បានឈរសម្លឹងមើលដើមឈើ Sour Jujube អាយុ ៨០០ឆ្នាំ ថា៖ «ខ្ញុំមានទឹកចិត្តគោរពស្រលាញ់ ចំពោះដើមឈើបុរាណទាំងនេះ»។ ក្នុងអំឡុងពេលធ្វើការនៅទីក្រុងហ្វូចូវ លោក Xi Jinping បានដាំដើមពោធិ៍ដោយផ្ទាល់។ នៅក្នុងអត្ថបទរបស់លោកដែលមានចំណងជើងថា "សូមឲ្យដើមពោធិ៍ផ្តល់ផលប្រយោជន៍ដល់ទីក្រុងហ្វូចូវ" បានសរសេរថា "ទីក្រុងទំនើបត្រូវការតុបតែងដោយរុក្ខជាតិបៃតង "។

ពេលធ្វើការនៅស្រុក Zhengding លោក Xi Jinping បានរៀបចំជំរឿនចំពោះដើមឈើបុរាណនៅស្រុកទាំងមូល ដើម្បីការពារដើមឈើបុរាណក្នុងតំបន់។ ពេលធ្វើការនៅខេត្ត Fujian លោកបានទៅចុះត្រួតពិនិត្យការងារ នៅក្រុង Changting ចំនួនប្រាំដង ដើម្បីដោះស្រាយការហូរច្រោះដី ព្រមទាំងបានបរិច្ចាគនិងដាំដើមកាំហ្វ័រមួយដើម។ បន្ទាប់មក លោកបានធ្វើការនៅខេត្ត Zhejiang និងក្រុង Shanghai ជាបន្តបន្ទាប់ លោកបានមានប្រសាសន៍ថា "ខ្ញុំតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការការពារបរិស្ថាននិងអេកូឡូស៊ី " " ត្រូវចាត់ទុកការងារនេះជាកិច្ចការដ៏សំខាន់មួយ"។
នៅខែមេសា ឆ្នាំ២០២០ អគ្គលេខាធិការបក្សបានចុះត្រួតពិនិត្យការងារ នៅតំបន់អភិរក្សធម្មជាតិជាតិ Niubeiliang Qinling ហើយបានមានប្រសាសន៍ថា “ការកសាងអរិយធម៌អេកូឡូស៊ី មិនមែនដើម្បីទទួលបានមាសប្រាក់ប៉ុន្មាននោះទេ ប៉ុន្តែគឺដើម្បីប្រវត្តិសាស្ត្រ និងមនុស្សជំនាន់ក្រោយ”។

ពេលទើបបង្កើតសាធារណរដ្ឋប្រជាមានិតចិនដំបូង អត្រាគ្របដណ្តប់ព្រៃឈើក្នុងប្រទេសមានត្រឹមតែ ៨,៦% ប៉ុណ្ណោះ។ នៅឆ្នាំ ២០២៥ អត្រាគ្របដណ្តប់ព្រៃឈើបានឡើងដល់ ២៥,០៩% អត្រាគ្របដណ្តប់ដើមឈើ និងវាលស្មៅលើសពី ៥៦% ហើយទំហំព្រៃឈើបានលើសពី ២០ ប៊ីលានម៉ែត្រគូប។ ការច្នៃប្រឌិតខាងបច្ចេវិទ្យានិងវិទ្យាសាស្ត្រ ជាការគាំទ្រដ៏សំខាន់ ចំពោះការកសាងប្រទេសចិនដ៏ស្រស់ស្អាត ។ នៅជាយវាលខ្សាច់ Taklamakan គម្រោង ថាមពលសូឡា និងការបង្ការដីរហោឋានកម្ម និងដីខ្សាច់តាមរយៈការដាំដើមឈើជាដើម បានធ្វើឱ្យវាលខ្សាច់ដ៏ធំល្វឹងល្វើយនេះក្លាយជា « សមុទ្រពណ៌ខៀវ» នៃថាមពលកកើតឡើងវិញ។ បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើត ប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុត និងមានការរីកចម្រើនលឿនបំផុតលើពិភពលោក ដោយអគ្គិសនីបៃតងមានចំនួនជិត ៤០% នៃការប្រើប្រាស់អគ្គិសនីសរុប ក្នុងសង្គមទាំងមូល។

ក្នុងនាមជាប្រទេសដែលមានកំណើនទំហំផ្ទៃដីបៃតងច្រើនបំផុត និងលឿនបំផុតនៅទូទាំងពិភពលោក ប្រទេសចិនកំពុង ជំរុញការធ្វើបរិវត្តកម្មបៃតងពិភពលោកតាមរយៈ" បច្ចេកវិទ្យាសម្រាប់ទាំងអស់គ្នា" ។ នៅឆ្នាំ ២០២៥ ការនាំចេញ ផលិតផលបច្ចេកវិទ្យាខ្ពស់របស់ចិនបានកើនឡើង ១៣,២%។ ការនាំចេញរថយន្តអគ្គិសនី អាគុយលីចូមនិង ថាមពលសូឡា របស់ចិន បានកើនឡើង ២៧,១%។ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ការនាំចេញផលិតផលថាមពលខ្យល់ និង សូឡារបស់ចិន បានកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៃប្រទេសដទៃទៀតប្រហែល ៤,១ ប៊ីលានតោន អាចនិយាយបានថា ប្រទេសចិនបានរួមចំណែកយ៉ាងខ្លាំង ក្នុងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងធ្វើឱ្យភពផែនដីមានពណ៌បៃតង៕

វិទ្យុមិត្តភាពកម្ពុជាចិន