ឥណ្ឌា បង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតជនស៊ីវិលនៅលីបង់ (Video inside)

10-04-2026 19:09

(ញូវដេលី)៖ នាថ្ងៃសុក្រនេះ ក្រសួងការបរទេសឥណ្ឌាបានបង្ហាញ «ក្តីបារម្ភយ៉ាងខ្លាំង» ចំពោះសេចក្តីរាយការណ៍ស្តីពីការបាត់បង់ជីវិត និងរបួសរបស់ជនស៊ីវិលនៅក្នុងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងនេះធ្វើឡើងរយៈពេលពីរថ្ងៃ បន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏អាក្រក់បំផុតរបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមជាមួយលីបង់ ដែលបានឆក់យកជីវិតមនុស្សជាង ៣០០នាក់។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសឥណ្ឌាបានគូសបញ្ជាក់ថា «ឥណ្ឌាតែងតែសង្កត់ធ្ងន់លើការការពារជនស៊ីវិល ដែលជាអាទិភាពចម្បងបំផុត។ ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាព ព្រមទាំងបូរណភាពទឹកដីរបស់រដ្ឋនីមួយៗ គឺជារឿងចាំបាច់ដែលខ្វះមិនបាន»។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការឈ្លានពានចូលប្រទេសលីបង់កាលពីខែមុន ដើម្បីតាមប្រមាញ់ក្រុមហេសបូឡា បន្ទាប់ពីក្រុមប្រដាប់អាវុធមួយនេះបានបាញ់ប្រហារចូលមកកាន់ទឹកដីអ៊ីស្រាអែល ដើម្បីគាំទ្រប្រទេសអ៊ីរ៉ង់ ស្របពេលសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់កំពុងផ្ទុះឡើង៕