ប្រមុខការទូតចិន ជួបមេដឹកនាំកូរ៉េខាងជើង និងអំពាវនាវឱ្យមានការសហការគ្នាឱ្យបានកាន់តែរឹងមាំបន្ថែមទៀត (Video inside)

10-04-2026 20:04

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នាថ្ងៃសុក្រនេះ បានជួបពិភាក្សាការងារជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) ដោយបានលើកឡើងថា ប្រទេសទាំងពីរគួរតែបង្កើនការទំនាក់ទំនង និងការសម្របសម្រួលគ្នាបន្ថែមទៀត លើកិច្ចការតំបន់ និងអន្តរជាតិសំខាន់ៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ប្រមុខការទូតចិន នៅរដ្ឋធានីព្យុងយ៉ាង (Pyongyang) ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ គឺធ្វើឡើងក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ បន្ទាប់ពីការផ្លាស់ប្តូរនានាត្រូវបានផ្អាកដោយសារជំងឺរាតត្បាតកូវីដ១៩ និងស្របពេលដែលទីក្រុងព្យុងយ៉ាងកំពុងពង្រឹងទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយទីក្រុងមូស្គូ (Moscow)។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក វ៉ាង បានប្រាប់លោក គីម ថា ស្របពេលដែលស្ថានភាពអន្តរជាតិកំពុងមានភាពស្មុគស្មាញ និងច្របូកច្របល់ ចិននិងកូរ៉េខាងជើងចាំបាច់ត្រូវតែពង្រឹងការសហការគ្នាឱ្យបានកាន់តែរឹងមាំ។

គួរបញ្ជាក់ថា មុនជំនួបជាមួយលោក គីម ជុងអ៊ុន លោក វ៉ាង យី ក៏បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ផងដែរ ដោយបានប្តេជ្ញាបន្តពង្រឹងសន្ទុះជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី។ ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះ ធ្វើឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចនៅប្រទេសចិននៅខែក្រោយ ខណៈកន្លងមក លោក ត្រាំ ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តកិច្ចចរចាជាមួយមេដឹកនាំកូរ៉េខាងជើងឡើងវិញផងដែរ៕