អនុប្រធានាធិបតីអាមេរិក ព្រមានអ៊ីរ៉ង់កុំឱ្យ «លេងល្បិច» ជាមួយអាមេរិក ខណៈលោកចេញដំណើរទៅចូលរួមកិច្ចចរចា (Video inside)

10-04-2026 20:28

(ឡូសអេនជឺឡេស)៖ អនុប្រធានាធិបតីអាមេរិក លោក ជេឌី វែន (JD Vance) នាថ្ងៃសុក្រ បានថ្លែងថាលោករំពឹងថានឹងទទួលបានលទ្ធផលវិជ្ជមានពីកិច្ចចរចាជាមួយប្រទេសអ៊ីរ៉ង់ ខណៈលោកចាកចេញទៅកាន់ប្រទេសប៉ាគីស្ថាន ដោយអមមកជាមួយនូវការព្រមានដល់ទីក្រុងតេអេរ៉ង់ ថាកុំព្យាយាម «លេងល្បិច» ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលចាកចេញពីទីក្រុងវ៉ាស៊ីនតោន លោក វែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពួកយើងកំពុងទន្ទឹងរង់ចាំកិច្ចចរចានេះ ហើយខ្ញុំគិតថាវានឹងមានភាពវិជ្ជមាន»។

អនុប្រធានាធិបតីរូបនេះបានបន្ថែមទៀតថា ដូចអ្វីដែលប្រធានាធិបតីអាមេរិកធ្លាប់បានលើកឡើង ប្រសិនបើភាគីអ៊ីរ៉ង់មានឆន្ទៈក្នុងការចរចាដោយស្មោះត្រង់ សហរដ្ឋអាមេរិកក៏ពិតជាត្រៀមខ្លួនជានិច្ចក្នុងការបើកចំហទទួលយក។ ផ្ទុយទៅវិញ លោកបានសង្កត់ធ្ងន់ថា «ប្រសិនបើពួកគេព្យាយាមលេងល្បិចជាមួយយើង នោះពួកគេនឹងឃើញថាក្រុមការងារចរចារបស់យើង នឹងមិនស្វាគមន៍ចំពោះទង្វើបែបនេះឡើយ»៕