វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់អាចយកលុយពីកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ឬ?

10-04-2026 21:19

(ឡុងដ៍)៖ អ៉ីរ៉ង់មានបំណងយកថ្លៃសេវាលើកប៉ាល់ធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ជាផ្នែកមួយនៃសំណើរបស់ខ្លួនដើម្បីបញ្ចប់សង្រ្គាមជាមួយអ៉ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីបានបិទខ្ទប់ការធ្វើនាវាចរឆ្លងកាត់តាមផ្លូវទឹកសម្រាប់ការដឹកជញ្ជូនប្រេងដ៏សំខាន់មួយនេះជាច្រើនសប្ដាហ៍។ Hormuz ជាផ្លូវទឹកមួយមានប្រវែងបណ្ដោយលាតសន្ធឹងប្រមាណ ១៦១គីឡូម៉ែត្រ និងមានទទឹងខ្លីបំផុតនៅចំណុចខ្លះប្រមាណ ៣៣គីឡូម៉ែត្រ ស្ថិតនៅចន្លោះរវាងអ៉ីរ៉ង់ និងអូម៉ង់។ ច្រកសមុទ្រមួយនេះបានផ្ដល់ផ្លូវធ្វើដំណើរចេញពីតំបន់ឈូងសមុទ្រ ឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌា និងជាផ្លូវទឹកដ៏សំខាន់មួយជាទីដែល១ភាគ៥ នៃការផ្គត់ផ្គង់ប្រេងពិភពលោក និងទំនិញសំខាន់ៗដទៃទៀតត្រូវឆ្លងកាត់។

* តើអ្វីទៅជាសំណើរបស់អ៉ីរ៉ង់?
មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាអ៉ីរ៉ង់ចង់ឱ្យកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ណាមួយបិទបញ្ចប់សង្រ្គាមដែលដុតបញ្ឆេះដោយអ៉ីស្រាអែល និងអាមេរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុញ្ញាតឱ្យខ្លួនទាមទារយកថ្លៃសេវាពីកប៉ាល់ដែលធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ តាមមន្ត្រីរូបនេះដដែល តម្លៃសេវាគឺប្រែប្រួលអាស្រ័យទៅលើប្រភេទនៃកប៉ាល់ ទំនិញនៅលើកប៉ាល់ និងលក្ខខណ្ឌមួយចំនួនទៀតដែលមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ។

អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabdi បាននិយាយថាទីក្រុងតេហេរ៉ង់កំពុងព្រាងពិធីសារមួយជាមួយអូម៉ង់ ដើម្បីតម្រូវឱ្យកប៉ាល់នានាត្រូវតែស្នើសុំការអនុញ្ញាត និងអាជ្ញាបណ្ណដើម្បីអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ជាមួយការអះអាងថាការធ្វើបែបនេះមានបំណងសម្របសម្រួល មិនមែនជាការរឹតត្បិតលើការធ្វើដំណើរឆ្លងកាត់នោះទេ។ អូម៉ង់បានឱ្យដឹងថាខ្លួនបានបើកកិច្ចពិភាក្សាជាមួយអ៉ីរ៉ង់លើជម្រើសជាច្រើនដើម្បីធានានូវការធ្វើដំណើរឆ្លងកាត់ដោយរលូន តែមិននិយាយថាតើបានឈានដល់កិច្ចព្រមព្រៀងមួយរួចហើយ ឬក៏យ៉ាងណាទេ?

* តើមានអ្វីខ្លះបានកើតឡើង?
កប៉ាល់មួយចំនួនតូចប៉ុណ្ណោះត្រូវបានរាយការណ៍ថាបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានបិទខ្ទប់ច្រកសមុទ្រនេះក្រោយសង្រ្គាមផ្ទុះឡើង និងបានបាញ់ប្រហារលើកប៉ាល់មួយចំនួនក្នុងតំបន់ឈូងសមុទ្រផងដែរ។ ក៏មានសេចក្ដីរាយការណ៍ដែរថាយ៉ាងហោចណាស់ មានកប៉ាល់មួយគ្រឿងបានបង់ប្រាក់ ២លានដុល្លារឱ្យអ៉ីរ៉ង់ ដើម្បីអាចធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz។

* តើប្រទេសផ្សេងទៀតយល់ព្រមឱ្យអ៉ីរ៉ង់យកថ្លៃសេវាឬ?
ក្រុមមន្ត្រីខាងឧស្សាហកម្មដឹកជញ្ជូន បាននិយាយថាមិនធ្លាប់មានឡើយសកម្មភាពឯកតោភាគីក្នុងការទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រមួយ នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ពិភពលោក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាការធ្វើដំណើរដោយមិនគិតថ្លៃឆ្លងកាត់តាមច្រកសមុទ្រ Hormuz ត្រូវតែជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីរ៉ង់។ បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលពឹងផ្អែកយ៉ាងខ្លាំងលើនាំចេញថាមពលកាត់តាមច្រកសមុទ្រនេះមានការព្រួយបារម្ភ ខ្លាំងក្រៃលែង។ ក្នុងនោះអេមីរ៉ាតអារ៉ាប់រួមបាននិយាយថា «ផ្លូវទឹកមិនអាចត្រូវបានយកធ្វើជាចំណាប់ខ្មាំងដោយប្រទេសណាមួយទេ ហើយសេរីភាពនៃការធ្វើនាវាចរត្រូវតែជាផ្នែកមួយនៃកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាម»។ ចំណែក រដ្ឋមន្ត្រីការបរទេសកាតាវិញ បានគូសបញ្ជាក់ថាបណ្ដាប្រទេសទាំងអស់ក្នុងតំបន់មានសិទ្ធិប្រើប្រាស់ច្រកសមុទ្រដោយឥតគិតថ្លៃ ហើយគ្រប់កិច្ចពិភាក្សាអំពីអនាគតយន្ដការហិរញ្ញវត្ថុ គួរតែរង់ចាំរហូតដល់ក្រោយច្រកសមុទ្រ Hormuz បើកឡើងវិញទាំងស្រុងសិន។

* តើអ៉ីរ៉ង់អាចយកថ្លៃសេវាបានទេ បើអន្តរជាតិជំទាស់?
សហរដ្ឋអាមេរិកបានចំណាយជាច្រើនសប្ដាហ៍រួចទៅហើយក្នុងការវាយប្រហារបង្ខំឱ្យអ៉ីរ៉ង់បើកច្រកសមុទ្រ Hormuz តែអ៉ីរ៉ង់មិនព្រមធ្វើតាម។ ដូច្នេះគេពិបាកនិយាយណាស់ថា សហគមន៍អន្តរជាតិអាចបង្ខំអ៉ីរ៉ង់បើកឱ្យកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយឥតគិតថ្លៃ បានឬក៏យ៉ាងណានោះ? ការធ្វើប្រតិបត្តិការយោធាបើកច្រក Hormuz នឹងតម្រូវឱ្យមានការធ្វើប្រតិបត្តិការកងទ័ពថ្មើរជើងទ្រង់ទ្រាយធំដែលអាចនឹងធ្វើឱ្យសង្រ្គាមអូសបន្លាយរយៈពេលយូរ ខណៈអ៉ីរ៉ង់នៅតែមានសមត្ថភាពបាញ់មីស៊ីល និងដ្រូនវាយប្រហារលើ កប៉ាល់ដឹកប្រេងពីចម្ងាយ។ ប៉ុន្តែ ចិនដែលមហាអំណាចពិភពលោកមួយនៅតែមានទំនាក់ទំនងរឹងមាំជាមួយអ៉ីរ៉ង់ និងជាអ្នកនាំចូលថាមពលធំបំផុតឆ្លងកាត់តាមច្រកសមុទ្រ Hormuz ផងនោះត្រូវបានគេជឿថាអាចមានឥទ្ធិពល និងទឹកមាត់ប្រៃលើអ៉ីរ៉ង់ខ្លាំងជាងប្រទេសនានា។

* តើច្បាប់អន្តរជាតិចែងដូចម្ដេចខ្លះ?
អនុសញ្ញាច្បាប់សមុទ្រអន្តរជាតិ UNCLOS បានចែងថារដ្ឋ ឬប្រទេសដែលមានព្រំដែនជាប់ច្រកសមុទ្រមិនអាចទាមទារយកថ្លៃសេវាដើម្បីទទួលបានការអនុញ្ញាតឆ្លងកាត់នោះទេ។ តែទោះជាបែបនេះក្ដី ពួកគេអាចយកថ្លៃសេវាពិសេសមួយចំនួនពីកប៉ាល់ដូចជាការណែនាំផ្លូវ ការអូសកប៉ាល់ ឬសេវាប្រើប្រាស់កំពង់ផែជាដើម។ ការយកថ្លៃសេវាទៀតសោត មិនអាចកំណត់ថ្លៃខ្ពស់លើប្រទេសណាមួយជាពិសេសបានឡើយ។

* តើផ្លូវទឹកអន្តរជាតិណាខ្លះមានការកំណត់យកថ្លៃសេវា?
នៅត្រង់ចំណុចនេះ ព្រែកជីកដែលត្រូវបានបង្កើតឡើង ឬជីកដោយមនុស្ស គឺខុសគ្នាពីច្រកសមុទ្រដែលកើតឡើងដោយធម្មជាតិ។ ដូច្នេះការប្រើប្រាស់ក៏ខុសគ្នា និងអាស្រ័យលើ ការអនុវត្តជាក់ស្ដែង។ អេហ្ស៉ីប និងប៉ាណាម៉ាសុទ្ធតែបានយកថ្លៃសេវាពីកប៉ាល់ធ្វើដំណើរឆ្លងកាត់តាមព្រែកជីកស៊ុយអេ និងព្រែកជីកប៉ាណាម៉ា។ ដោយឡែក ច្រកសមុទ្រតួកគី រួមមាន Bosphorus Sea of Marmara និង Dardanelles ស្ថិតនៅចន្លោះសមុទ្រខ្មៅ និងសមុទ្រមេឌីទែររ៉ាណេ ត្រូវបានគ្រប់គ្រងដោយអនុសញ្ញា Montreux Convention ឆ្នាំ១៩៣៦ ដែលបានធានាការធ្វើដំណើរឆ្លងកាត់ដោយមិនគិតថ្លៃសេវាពីកប៉ាល់ដឹកទំនិញអំឡុងពេលគ្មានសង្រ្គាម។ បានន័យថាអនុសញ្ញានេះបានអនុញ្ញាតឱ្យតួកគីយ៉េអាចយកថ្លៃសេវាស្ដង់ដារលើតម្លៃសេវាកម្ម តែមិនបានអនុញ្ញាតឱ្យតួកគីយ៉េយកថ្លៃសេវាទូទៅសម្រាប់ការឆ្លងកាត់ឡើយ។ ប្រទេសសិង្ហបុរីវិញមិនបានយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រសិង្ហបុរីឡើយ។

* តើមានច្រកសមុទ្រណាផ្សេងកំពុងស្ថិតក្នុងហានិភ័យ?
ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសយេម៉ែន ម្ដងម្កាលបានបង្កការរំខានដល់ការធ្វើដំណើរឆ្លងកាត់តាមចក្រសមុទ្រ Bab el-Mandeb ស្ថិតនៅចន្លោះរវាងសមុទ្រក្រហម និងមហាសមុទ្រឥណ្ឌា។​ ប៉ុន្តែកប៉ាល់អាចបើកតាមផ្លូវវាងផ្សេងពីច្រកសមុទ្រនេះ គ្រាន់តែត្រូវធ្វើដំណើរវាងឆ្ងាយ។ កប៉ាល់ធ្វើដំណើរនៅចន្លោះមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង ក៏អាចរកផ្លូវវាងផ្សេងដើម្បីធ្វើដំណើរបានផងដែរ ប្រសិនបើច្រកសមុទ្រសិង្ហបុរី និងច្រកសមុទ្រម៉ាឡាកាត្រូវបានបិទខ្ទប់។ បច្ចុប្បន្នមិនទាន់មានការគំរាមកំហែងចំពោះច្រកសមុទ្រទាំងនេះទេ ហើយក៏មិនមានសញ្ញាគំរាមកំហែងពិតប្រាកដចំពោះច្រកសមុទ្រ Gibraltar ស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិក និងសមុទ្រមេឌីទែររ៉ាណេ ឬក៏ច្រកសមុទ្រ Oresund ស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិក និងសមុទ្របាល់ទិកនោះដែរ៕