លោក ត្រាំ ថាអាមេរិកនឹងធ្វើឱ្យច្រកសមុទ្រ Hormuz បើកឡើងវិញក្នុងពេលឆាប់ៗ ស្របពេលការចរចាជាមួយអ៉ីរ៉ង់ នឹងចាប់ផ្តើមនាថ្ងៃសៅរ៍នេះនៅប៉ាគីស្ថាន (Video inside)

11-04-2026 09:45

(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី១០ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងធ្វើឱ្យច្រកសមុទ្រ Hormuz បើកចំហឡើងវិញក្នុងពេលឆាប់ៗ ប៉ុន្តែលោកមិនបានរៀបរាប់លម្អិត ហើយទទួលស្គាល់ថា វានឹងមិនមែនជារឿងងាយស្រួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ការបិទខ្ទប់ច្រកសមុទ្រ Hormuz ដោយទី​ក្រុងតេហេរ៉ង់ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅមជ្ឈិមបូព៌ា បានបង្កផលរំខានអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្ត ​ចំពោះការផ្គត់ផ្គង់ថាមពលជាសកល។ Hormuz គឺជាច្រកផ្លូវទឹកដ៏សំខាន់ខ្លាំងមួយ សម្រាប់ការដឹកជញ្ជូនឧស្ម័ននិងប្រេងប្រហែល ២០ភាគរយរបស់ពិភពលោក។ លោក ត្រាំ មិនសប្បាយចិត្តជាខ្លាំង ដោយសារសម្ព័ន្ធមិត្ត NATO កន្លងមកនេះ មិនព្រមជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz។ យោងតាមសេចក្តីរាយការណ៍​របស់ Reuters កាលពីថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអង្គការ NATO លោក Mark Rutte ក្រោយជួបជាមួយលោក ត្រាំ បានប្រាប់រដ្ឋាភិបាលក្រុមប្រទេសអឺរ៉ុបថា លោកប្រធានាធិបតីអាមេរិក ចង់បានការប្តេជ្ញារឹងមាំដើម្បីជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

អាមេរិកនិងអ៉ីស្រាអែល បានរួមដៃគ្នាបើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អ៉ីរ៉ង់បានឆ្លើយតបវិញ ដោយការវាយប្រហារលើអ៉ីស្រាអែល និងមូលដ្ឋានរបស់អាមេរិក នៅតាមបណ្តាប្រទេសនៃតំបន់ឈូងសមុទ្រអារ៉ាប់។ ការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែល​លើអ៉ីរ៉ង់ និងការវាយប្រហាររបស់អ៉ីស្រាអែលលើលីបង់ បានផ្តាច់ជីវិតមនុស្សសរុបរាប់ពាន់នាក់ ហើយធ្វើឱ្យរាប់លាននាក់ផ្សេងទៀត ត្រូវរត់ភៀសខ្លួន។ សង្រ្គាមនេះ បានរុញឱ្យតម្លៃប្រេងហក់ឡើងយ៉ាងគំហុក និងអង្រួនទីផ្សារសកល។

គួរបញ្ជាក់ថា លោក ត្រាំ បានប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍ ជាមួយទីក្រុងតេហេរ៉ង់ កាលពីថ្ងៃអង្គារ បន្ទាប់ពី​បានព្រមានកម្ទេចអរិយធម៌ទាំងមូលរបស់ប្រទេសអ៉ីរ៉ង់។ ទោះមានបទឈប់បាញ់ក៏ដោយ ចរាចរណ៍កប៉ាល់ដឹកជញ្ជូនកាត់តាមច្រកសមុទ្រ Hormuz នៅតែបន្តជាប់គាំង មកទល់ពេលនេះ។ លោក ត្រាំ បានចាត់ឱ្យអនុប្រធានាធិបតីអាមេរិក លោក JD Vance ធ្វើដំណើរទៅប៉ាគីស្ថាន ជួបជាមួយ​ក្រុមមន្រ្តីអ៉ីរ៉ង់ ដើម្បីព្យាយាមចរចាកិច្ចព្រមព្រៀងសន្តិភាព សំដៅបិទបញ្ចប់សង្រ្គាមជាផ្លូវការ៕