លីបង់ថាកិច្ចចរចាជាមួយអ៉ីស្រាអែល នឹងធ្វើឡើងនាថ្ងៃអង្គារសប្តាហ៍ក្រោយនៅវ៉ាស៉ីនតោន បន្ទាប់ពីសង្រ្គាមសម្លាប់មនុស្សជិត២០០០នាក់ (Video inside)

11-04-2026 10:39

(បេរូត)៖ ការិយាល័យប្រធានាធិបតីលីបង់ នាថ្ងៃសុក្រ ទី១០ ខែមេសា បាននិយាយថា ជំនួបជាមួយអ៉ីស្រាអែលនឹងធ្វើឡើងនៅទីក្រុងវ៉ាស៉ីនតោន នាថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីបទឈប់បាញ់ក្នុងសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលមានមូលដ្ឋានក្នុងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លីបង់ត្រូវបានទាញឱ្យធ្លាក់ចូលក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា នៅពេលក្រុមហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែតដាក់អ៉ីស្រាអែល ដើម្បីគាំទ្រខ្នងបង្អែករបស់ខ្លួន គឺអ៉ីរ៉ង់ដែលបានរងការវាយប្រហាររួមគ្នារបស់អាមេរិកនិងអ៉ីស្រាអែល។ ប្រការនោះបាននាំឱ្យអ៉ីស្រាអែល បើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស និងការវាយលុកតាមផ្លូវគោកនៅលីបង់។ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសរវាងអាមេរិកនិងអ៉ីរ៉ង់ក្នុងសប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតេហេរ៉ង់ បានខ្វែងគំនិតគ្នា ជុំវិញបញ្ហាថាតើវារាប់បញ្ចូលលីបង់ដែរឬយ៉ាងណា ខណៈអ៉ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែកកាន់តែខ្លាំងលើលីបង់។

កាលពីថ្ងៃព្រហស្បតិ៍ មន្រ្តីរដ្ឋាភិបាលលីបង់ បានប្រាប់ AFP ថា លីបង់ចង់បានបទឈប់បាញ់ មុនពេលចាប់ផ្តើមការចរចាណាមួយជាមួយអ៉ីស្រាអែល។​ រីឯ កាលពីថ្ងៃសុក្រ មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានទទូចឱ្យរដ្ឋាភិបាលលីបង់ ឈប់ផ្តល់សម្បទានដល់អ៉ីស្រាអែលទទេៗទៀត ហើយបានប្តេជ្ញាថា ចលនាតស៊ូរបស់ខ្លួននឹងបន្តរហូតដល់ដង្ហើមចុងក្រោយ។ ក្រុមហេសបូឡា បានច្រានចោលកិច្ចពិភាក្សារវាងប្រទេសទាំងពីរ ហើយបានទាមទារឱ្យអ៉ីស្រាអែល ដកកងទ័ពចេញពីលីបង់។ កាលពីថ្ងៃសុក្រ អ៉ីស្រាអែលបាននិយាយ​ថា នឹងមិនពិភាក្សាអំពីបទឈប់បាញ់ជាមួយហេសបូឡាឡើយ នៅពេលខ្លួនបើកកិច្ចពិភាក្សា​ជាមួយរដ្ឋាភិបាលលីបង់ នាសប្តាហ៍ក្រោយនៅទីក្រុងវ៉ាស៉ីនតោន។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរនៅលីបង់ សង្រ្គាមប៉ុន្មានសប្តាហ៍មកនេះ បានសម្លាប់មនុស្សជាង១៩៥០នាក់ ក្នុងនោះតួលេខអ្នកស្លាប់ ក្នុងការវាយប្រហារដ៏សាហាវរបស់អ៉ីស្រាអែល កាលពីថ្ងៃពុធសប្តាហ៍នៅទូទាំងលីបង់ បានកើនដល់៣៥៧នាក់។ យោធាអ៉ីស្រាអែល បាន​អះអាងថា ខ្លួនបានកម្ចាត់សមាជិកហេសបូឡាយ៉ាងហោច១៨០នាក់ ក្នុងការវាយប្រហារនោះ៕