ក្រុមអវកាសយានិកនៃបេសកកម្ម Artemis II ត្រឡប់មកដល់ផែនដីវិញដោយសុវត្ថិភាព ក្រោយការធ្វើដំណើរជុំវិញឋានព្រះចន្ទ

11-04-2026 11:51

(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី១០ ខែមេសា អវកាសយានិកទាំង៤នាក់នៃបេសកកម្ម Artemis II របស់សហរដ្ឋអាមេរិក បានចុះមកដល់ផ្ទៃផែនដីវិញដោយសុវត្ថិភាព ក្រោយចំណាយពេលជិត១០ថ្ងៃ ក្នុងលំហអវកាស សម្រាប់ការធ្វើដំណើរជាលើកដំបូង ដោយមនុស្សទៅកាន់ឋានព្រះចន្ទ ក្នុងរយៈពេលកន្លះសតវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យានរបស់ពួកគេបានចុះមកដល់លើផ្ទៃសមុទ្រ នៅក្បែរឆ្នេរភាគខាងត្បូងរដ្ឋ California កាលពីម៉ោង៥ល្ងាច (ម៉ោងនៅអាមេរិក)។ វាជាការបញ្ចប់បេសកកម្មមួយ ដែលបាននាំមនុស្សទៅឆ្ងាយបំផុតពីផែនដី គិតមកទល់ពេលនេះ។ បេសកកម្ម Artemis II ដែលបានទៅហោះឆ្វែលជុំវិញព្រះចន្ទ នៅចម្ងាយប្រមាណជាង៤០៦ ០០០គីឡូម៉ែត្រពីផែនដី គឺជាបេសកកម្មលើកដំបូងដែលមានផ្ទុកអវកាសយានិក និងដើម្បីត្រួសត្រាយផ្លូវសម្រាប់គោលដៅនាំអវកាសយានិក ត្រឡប់ទៅដល់លើ​ផ្ទៃព្រះចន្ទសាជាថ្មី នៅក្នុងឆ្នាំ២០២៨។

ការចុះមកដល់ផ្ទៃផែនដីវិញដោយជោគជ័យនេះ បានដកចេញនូវឧបសគ្គចុងក្រោយដ៏សំខាន់ សម្រាប់យានអវកាស Orion ដែលផលិតដោយក្រុមហ៊ុន Lockheed Martin ពោលគឺវាបានបញ្ជាក់ថា យាន Orion អាចទ្រាំទ្រកម្លាំងកកិតដ៏ខ្លាំងសម្បើម នៃការវិលត្រឡប់ចូលស្រទាប់​បរិយាកាសផែនដី ក្រោយធ្វើដំណើរមកពីឋានព្រះចន្ទ។ កម្លាំងកកិតនឹងស្រទាប់បរិយាកាស បានធ្វើឱ្យផ្នែកខាងក្រៅរបស់យានអវកាស ឡើងកម្តៅរហូតដល់ ២៧៦០អង្សាសេឯណោះ។

គួរបញ្ជាក់ថា អវកាសយានិក Artemis II គឺជាក្រុមអវកាសយានិកដំបូងគេ ដែលបានធ្វើដំណើរទៅក្បែរឋានព្រះចន្ទ គិតចាប់តាំងពីសម័យកម្មវិធី Apollo របស់ទីភ្នាក់ងារអវកាស NASA កាលពីអំឡុង​ទសវត្សរ៍ឆ្នាំ១៩៦០-១៩៧០។ ពេលហោះឆ្វែលព្រះចន្ទ នៅចំហៀងដែលបែរចេញពីផែនដី ពួកគេបានធ្វើដំណើរដល់ចំណុចឆ្ងាយបំផុតមិនធ្លាប់មាន គឺ៤០៦ ៧១១គីឡូម៉ែត្រ លើសកំណត់ត្រាចាស់ ដែលមានចម្ងាយប្រហែល៤០០ ០០០គីឡូម៉ែត្រ សម្រេចបានដោយបេសកកម្ម Apollo 13 កាលពីឆ្នាំ១៩៧២។ លើកចុងក្រោយបង្អស់ ដែលអវកាសយានិកបានទៅជាន់លើផ្ទៃព្រះចន្ទ គឺក្នុងបេសកកម្ម Apollo 17 កាលពីចុងឆ្នាំ១៩៧២ ហើយមានតែសហរដ្ឋអាមេរិកមួយគត់ ដែលធ្លាប់បានធ្វើរឿងដ៏អស្ចារ្យមួយនេះ៕