បក្សប្រឆាំងនៅវ៉េណេស៊ុយអេឡា ទាមទារឱ្យមានការបោះឆ្នោតប្រធានាធិបតី ក្រោយលោក Maduro ត្រូវអាមេរិកចាប់ខ្លួនទម្លាក់ពីអំណាច (Video inside)

11-04-2026 13:53

(ការ៉ាកាស)៖ នាថ្ងៃសុក្រ ទី១០ ខែមេសា គណបក្សប្រឆាំងនៅប្រទេសវ៉េណេស៊ុយអេឡា បានទាមទារឱ្យរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពី លោក Nicolas Maduro ត្រូវបានអាមេរិកទម្លាក់ចេញពីអំណាច កាលពីដើមឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

គណបក្ស Vente របស់លោកស្រី Maria Corina Machado បាននិយាយថា ដោយសារលោក Maduro ដែលជាប្រធានាធិបតី បានអវត្តមានពីប្រទេស ចាប់តាំងពីរូបលោកត្រូវយោធាអាមេរិកចាប់ខ្លួន ក្នុងប្រតិបត្តិការដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី៣ ខែមករា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ចាំបាច់ត្រូវតែរៀបចំឡើងក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីពេលនេះ។

អតីតអនុប្រធានាធិបតីរបស់លោក Maduro គឺលោកស្រី Delcy Rodriguez បានស្ប​ថចូលកាន់តំណែងជាប្រធានាធិបតីស្តីទី កាលពីថ្ងៃទី៥ ខែមករា ពោលគឺ២ថ្ងៃ បន្ទាប់ពីរូបលោកត្រូវបានយោធាអាមេរិក ចាប់ខ្លួនបញ្ជូនចេញពីប្រទេសវ៉េណេស៊ុយអេឡា ដើម្បីយកទៅកាត់ទោសនៅទីក្រុង New York។ មកទល់ពេលនេះ លោក Maduro បានបង្ហាញខ្លួន២លើកនៅតុលាការ ដើម្បីឆ្លើយសំណួរជុំវិញការចោទប្រកាន់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

រដ្ឋធម្មនុញ្ញប្រទេសវ៉េណេស៊ុយអេឡាចែងថា ក្នុងករណីប្រធានាធិបតីអវត្តមានជាបណ្តោះអាសន្ន អនុប្រធានាធិបតីអាចកាន់តួនាទីជំនួសសម្រាប់រយៈពេល៩០ថ្ងៃ ហើយអាចបន្ត៩០ថ្ងៃថែមទៀតបាន តាមរយៈការអនុម័តដោយសភា។ ប៉ុន្តែមាត្រា២៣៤ នៃរដ្ឋធម្មនុញ្ញ លើកឡើងថា ប្រសិនបើអវត្តមានបណ្តោះអាសន្ន មានរយៈពេលលើស៩០ថ្ងៃជាប់គ្នា សភាត្រូវបោះឆ្នោតសម្រេចក្នុងសំឡេងភាគច្រើនថា តើវាគួរតែចាត់ទុកជាអវត្តមានអចិន្រ្តៃយ៍តែម្តងឬយ៉ាងណា។

គណបក្ស Vente បាននិយាយថា ប្រទេសទាំងមូលនិងសហគមន៍អន្តរជាតិ ដឹងហើយអាចធ្វើជាសាក្សីបានថា លោក Maduro គឺបានអវត្តមានទាំងស្រុងពីអំណាច។ គិតត្រឹមថ្ងៃសុក្រ សរុប៩៧ថ្ងៃហើយបានកន្លងផុត ចាប់តាំងពីលោក Maduro ដែលដឹកនាំប្រទេសអស់រយៈពេល ១២ឆ្នាំ ត្រូវបានចាប់ខ្លួនចេញពីរដ្ឋធានីការ៉ាកាស រួមជាមួយភរិយារបស់លោក គឺលោកស្រី Cilia Flores។

គួរបញ្ជាក់ថា សភាវ៉េណេស៊ុយអេឡា ដែលមានសំឡេងភាគច្រើនគាំទ្ររដ្ឋាភិបាល មិនទាន់ពិភាក្សារឿងរៀបចំការបោះឆ្នោតថ្មីនៅឡើយទេ។ មកទល់ឥឡូវ ការផ្តោតសំខាន់គឺចំពោះកិច្ចប្រឹងប្រែងសើរើឡើងវិញ នូវការគ្រប់គ្រងរបស់រដ្ឋលើសេដ្ឋកិច្ចប្រទេស ដើម្បីបើកផ្លូវសម្រាប់ការវិនិយោគពីបរទេសបន្ថែម នៅក្នុងវិស័យប្រេងនិងរ៉ែដ៏សំខាន់។ ​ការធ្វើកំណែទម្រង់ គឺជាលក្ខខណ្ឌទាមទារចម្បងបំផុតរបស់សហរដ្ឋអាមេរិក ដែលបានអនុញ្ញាតឱ្យអតីតមនុស្សរបស់លោក Maduro នៅបន្តកាន់អំណាច ដរាបណា វ៉េណេស៊ុយអេឡា បើកចំហវិស័យប្រេងសម្រាប់អាមេរិក និងកាត់បន្ថយការបង្រ្កាបសំឡេងប្រឆាំង៕