ការវាយតម្លៃរបស់ចារកម្មអាមេរិកចោទថា ចិនត្រៀមរៀបចំបញ្ជូនប្រព័ន្ធការពារដែនអាកាសថ្មីឱ្យអ៉ីរ៉ង់ (Video inside)
11-04-2026 15:13
(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក CNN នាថ្ងៃសៅរ៍ ទី១១ ខែមេសា ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ បានរាយការណ៍ថា យោងតាមការវាយតម្លៃរបស់ចារកម្មអាមេរិក ចិនហាក់កំពុងត្រៀមរៀបចំប្រគល់ប្រព័ន្ធការពារដែនអាកាសថ្មីឱ្យទៅអ៉ីរ៉ង់ ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ការវាយតម្លៃចារកម្ម បានសង្កត់ធ្ងន់ថា អ៉ីរ៉ង់អាចនឹងប្រើប្រាស់បទឈប់បាញ់រយៈពេល២សប្តាហ៍ ដែលប្រកាសក្នុងសប្តាហ៍នេះ ជាឱកាសដើម្បីបំពេញចំនួនប្រព័ន្ធសព្វាវុធមួយចំនួនឡើងវិញ ក្រោមការជួយជ្រោមជ្រែងពីដៃគូបរទេសសំខាន់ៗ។ យោងតាមប្រភពរបស់ខ្លួន CNN បាននិយាយថា ទីក្រុងប៉េកាំង កំពុងធ្វើការដើម្បីរៀបចំផ្លូវដឹកជញ្ជូនសព្វាវុធទាំងនោះ តាមរយៈប្រទេសទី៣ ដើម្បីបិទបាំងប្រភពដើមពិតប្រាកដរបស់ពួកវា។ បើតាម CNN ប្រព័ន្ធការពារដែនអាកាសទាំងនោះ ដែលចិនត្រៀមបញ្ជូនឱ្យអ៉ីរ៉ង់ គឺប្រព័ន្ធមីស៉ីលបាញ់ចេញពីលើស្មា សម្រាប់ប្រឆាំងយន្តហោះ ហៅកាត់ថា MANPAD។
យ៉ាងណាមិញ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៉ីនតោន បាននិយាយថា ចិនមិនដែលផ្តល់អាវុធឱ្យភាគីណាមួយឡើយ ដែលស្ថិតក្នុងជម្លោះ ហើយបានចាត់ទុកព័ត៌មានខាងលើ ជាព័ត៌មានមិនពិត។ អ្នកនាំពាក្យបានទទូចឱ្យភាគីអាមេរិក ឈប់ធ្វើការចោទប្រកាន់គ្មានមូលដ្ឋានតទៀត ហើយសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងប្រឹងប្រែងបន្ថែម ដើម្បីជួយបន្ធូរបន្ថយស្ថានការណ៍។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបថា យន្តហោះចម្បាំងអាមេរិក F-15 ១គ្រឿង ដែលធ្លាក់នៅអ៉ីរ៉ង់ កាលពីសប្តាហ៍មុន គឺត្រូវបានបាញ់ទម្លាក់ដោយមីស៉ីលប្រភេទបាញ់ចេញពីលើស្មា ខណៈអ៉ីរ៉ង់បានអះអាងថា ខ្លួនបានប្រើប្រព័ន្ធការពារដែនអាកាសថ្មី បាញ់ទម្លាក់យន្តហោះអាមេរិក ប៉ុន្តែមិនបានរៀបរាប់លម្អិតទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ កំពុងត្រៀមបើកកិច្ចចរចាកម្រិតខ្ពស់ នាថ្ងៃសៅរ៍នេះ នៅឯរដ្ឋធានីអ៉ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន ដើម្បីព្យាយាមស្វែងរកទីបញ្ចប់ សម្រាប់សង្រ្គាមដែលផ្ទុះឡើងកាលពីចុងខែកុម្ភៈ នៅពេលអាមេរិកនិងអ៉ីស្រាអែល បើកការវាយប្រហារលើអ៉ីរ៉ង់ ហើយរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលឱ្យធ្លាក់ក្នុងភ្លើងជម្លោះ៕






