មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ មានរបួសធ្ងន់នៅផ្ទៃមុខនិងជើង ប៉ុន្តែនឹងបង្ហាញខ្លួនជាសាធារណៈ នៅពេលសុខភាពប្រសើរឡើងវិញ ហើយស្ថានការណ៍សន្តិសុខអនុញ្ញាត (Video inside)

11-04-2026 16:10

(តេហេរ៉ង់)៖ នាថ្ងៃសៅរ៍ ទី១១ ខែមេសា ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ លោក Mojtaba Khamenei មិនទាន់​ជាសះស្បើយទាំងស្រុងនៅឡើយទេ ពីរបួសធ្ងន់នៅផ្ទៃមុខនិងជើង ដែលទទួលរងអំឡុងការវាយប្រហារតាមអាកាសរបស់អាមេរិកនិងអ៉ីស្រាអែល ដែលបានសម្លាប់​ឪពុករបស់លោក តាំងពីថ្ងៃដំបូងនៃសង្រ្គាម។ នេះបើតាមប្រភពចំនួន៣ ដែលស្ថិតក្នុងចំណោមក្រុមបុគ្គលជិតស្និទ្ធនឹងរូបលោកផ្ទា​ល់ បង្ហើបប្រាប់ Reuters ឱ្យដឹង។

ប្រភពទាំង៣បាននិយាយថា ផ្ទៃមុខរបស់លោក Khamenei បានរងការខូចខាត ហើយជើងម្ខាង ឬជើងទាំងពីរតែម្តង បានរងរបួសធ្ងន់ធ្ងរ។ ទោះជាបែបនេះក៏ដោយ ប្រភពទាំង៣ បានអះអាងថា មេដឹកនាំវ័យ៥៦ឆ្នាំរូបនេះ នៅតែមានស្មារតីរឹងមាំ និងកំពុងឆ្ពោះទៅរកការជាសះស្បើយឡើងវិញពីរបួស ហើយលោក Khamenei ចូលរួមជាប្រចាំក្នុងកិច្ចប្រជុំនានាជាមួយក្រុមមន្រ្តីជាន់ខ្ពស់ តាមរយៈសំឡេងសន្ទនាអនឡាញ ហើយបញ្ចេញមតិយោបល់ក្នុងការសម្រេចចិត្ត លើបញ្ហាធំៗដែលរួមមានទាំង​ការធ្វើសង្រ្គាមនាពេលកន្លងមកនេះ និងការចរចាជាមួយទីក្រុងវ៉ាស៉ីនតោន។

មកទល់ពេលនេះ ទីតាំង ស្ថានភាព និងសមត្ថភាពក្នុងការដឹកនាំរបស់លោក Mojtaba Khamenei គឺនៅបន្តជាអាថ៌កំបាំង ដោយពុំមានរូបភាព វីដេអូ ឬ​សំឡេងណាមួយរបស់លោក ត្រូវបានចេញផ្សាយជាសាធារណៈឡើយ ចាប់តាំងពីការវាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃទី២៨ ខែកុម្កៈ និងការតែងតាំងរូបលោក ជាមេដឹកនាំកំពូលថ្មីបន្តពីឪពុក គឺលោក Ali Khamenei កាលពីថ្ងៃទី៨ ខែមីនា។ ក្នុងថ្ងៃដំបូងនៃការបំផ្ទុះសង្រ្គាមដោយអាមេរិកនិងអ៉ីស្រាអែល ភរិយារបស់លោក Mojtaba Khamenei រួមជាមួយបងថ្លៃប្រុសនិងបងថ្លៃស្រី ក៏ស្ថិតក្នុងចំណោមសមាជិកគ្រួសារដទៃទៀតរបស់លោក ដែលបានបាត់បង់ជីវិត ផងដែរ។

គួរបញ្ជាក់ថា ប្រភពជិតស្និទ្ធបាននិយាយថា រូបភាពរបស់លោក Khamenei អាចនឹងត្រូវបញ្ចេញជាសាធារណៈ ក្នុងរយៈពេល១ទៅ២ខែទៀត ហើយដល់ពេលនោះ រូបលោកក៏ប្រហែលបង្ហាញវត្តមានជាសាធារណៈតែម្តងផងដែរ ប៉ុន្តែបានសង្កត់ធ្ងន់ថា រូបលោកនឹងចេញបង្ហាញខ្លួន លុះត្រាតែនៅពេលសុខភាពប្រសើរវិញ ហើយស្ថានការណ៍សន្តិសុខ អនុញ្ញាត​ឱ្យធ្វើបែបនោះប៉ុណ្ណោះ។ ក្រោយធ្វើសង្រ្គាមរយៈពេលជាង៥សប្តាហ៍ អ៉ីរ៉ង់និងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍ ហើយនឹងបើកកិច្ចចរចានាថ្ងៃសៅរ៍នេះ នៅឯប្រទេសប៉ាគីស្ថាន ដើម្បីព្យាយាមបញ្ចប់ជម្លោះជាអចិន្រ្តៃយ៍៕