លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ជួបពិភាក្សាការងារជាមួយលោកស្រី Zheng Liwen ប្រធានគណបក្សកុកម៉េងតាំងចិន

11-04-2026 16:39

(ប៉េកាំង)៖ ថ្ងៃទី ១០ ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូបក្សកុកម៉េងតាំងចិនដែលដឹកនាំដោយលោកស្រី Zheng Liwen ប្រធានគណបក្សកុកម៉េងតាំងចិននៅក្រុងប៉េកាំង។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា មិនថាស្ថានការណ៍អន្តរជាតិឬច្រកសមុទ្រតៃវ៉ាន់មានការប្រែប្រួលយ៉ាងណាក្តី ក៏និន្នាការទូទៅនៃការស្តារវិបុលភាពដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញនឹងមិនកែប្រែទេ។ ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ សុទ្ធតែរំពឹងទុកពីការសម្រេចបាននូវសន្តិភាពនិងភាពសុខសាន្តនៅច្រកសមុទ្រតៃវ៉ាន់ រំពឹងទុកពីការជំរុញការកែលម្អនិងអភិវឌ្ឍទំនាក់ទំនង រវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ដើម្បីឱ្យជីវភាពរស់នៅរបស់ជនរួមជាតិ នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ មានភាពកាន់តែល្អបវរ ។ យើងរីករាយធ្វើការជាមួយគណបក្សនយោបាយ សមាគមនានានិងឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងសង្គមតៃវ៉ាន់ ដែលបូករួមទាំងគណបក្សកុកម៉េងតាំងចិនផងដែរ លើមូលដ្ឋាននយោបាយរួមដែលប្រកាន់ខ្ជាប់នូវគំនិតឯកភាពរួមឆ្នាំ ១៩៩២ រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងប្រឆាំងនឹង "កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ" ដើម្បីបង្កើនការផ្លាស់ប្តូរនិងកិច្ចសន្ទនា ស្វែងរកសន្តិភាពសម្រាប់ត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ស្វែងរកផលប្រយោជន៍និងសុភមង្គលជូនដល់ជនរួមជាតិ នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាស្វែងរកការស្តារវិបុលភាព នៃប្រជាជាតិចិនឡើងវិញ សំដៅក្តាប់ជាប់អនាគតនៃទំនាក់ទំនងរវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់នៅក្នុងដៃរបស់ប្រជាជនចិនខ្លួនឯង។

លោក Xi Jinping បានលើកឡើងសំណើបួនចំណុចស្តីពីការអភិវឌ្ឍទំនាក់ទំនង រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់៖ទីមួយគឺ ប្រកាន់ខ្ជាប់ការជំរុញភាពបន្ស៊ីគ្នា ខាងមនោសញ្ចេតនាជនរួមជាតិតាមរយៈការយល់ដឹងដ៏ត្រឹមត្រូវ ។ ទីពីរគឺ ប្រកាន់ខ្ជាប់ការការពារផ្ទះរួម តាមរយៈការអភិវឌ្ឍដោយសន្តិភាព ។ ទីបីគឺ ប្រកាន់ខ្ជាប់ការបង្កើនផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាជន តាមរយៈការផ្លាស់ប្តូរនិងការរួមបញ្ចូលគ្នា ។ ទីបួនគឺ ប្រកាន់ខ្ជាប់ការសម្រេចបាននូវការស្តារវិបុលភាពដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញតាមរយៈការរួមសាមគ្គីគ្នា និងការតស៊ូព្យាយាម។

ជាការឆ្លើយតប លោកស្រី Zheng Liwen បានថ្លែងថា ប្រជាជននៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ជាកូនចៅជំនាន់ក្រោយរបស់អធិរាជ Yan និង Huang និងជាប្រជាជាតិតែមួយ ។ គណបក្សទាំងពីរ បក្សកុកម៉េងតាំងចិននិងបក្សកុម្មុយនីស្តចិនគួរប្រកាន់ខ្ជាប់មូលដ្ឋាននយោបាយរួម ដែលប្រកាន់ខ្ជាប់នូវគំនិតឯកភាពរួមឆ្នាំ ១៩៩២ រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់និងប្រឆាំងនឹង "កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ" ដើម្បីបង្កើនការកសាងទំនុកចិត្តខាងនយោបាយ ខិតខំការពារប្រវត្តិសាស្ត្រចិននិងផ្សាព្វផ្សាយវប្បធម៌ចិន ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ក្នុងគ្រប់វិស័យរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាបង្កើនផលប្រយោជន៍និងសុខុមាលភាពរួម របស់ប្រជាជននិងជំរុញការអភិវឌ្ឍ ទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដោយសន្តិភាព ក្នុងន័យត្រួសត្រាយអនាគតដ៏ល្អបវរសម្រាប់ទំនាក់ទំនងរវាងត្រើយទាំងសងខាង និងសម្រេចបាននូវការស្តារវិបុលភាពដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន