កិច្ចចរចាផ្ទាល់ក្រោយបទឈប់បាញ់ពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានចាប់ផ្តេីមហេីយនៅប៉ាគីស្ថាន
11-04-2026 20:58
(អ៉ីស្លាម៉ាបាដ)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ថាកិច្ចចរចាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្ន បានចាប់ផ្តេីមហេីយ នៅក្នុងប្រទេសប៉ាគីស្ថាន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
IRNA ដែលជាទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៉ីរ៉ង់ បានឱ្យដឹងថាកិច្ចចរចាត្រីភាគីរវាងសហរដ្ឋអាមេរិក អ៉ីរ៉ង់ និងប៉ាគីស្ថាន បានផ្តើមឡេីងក្រោយការវាយប្រហាររបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ត្រូវបានកាត់បន្ថយ ហេីយលក្ខខណ្ឌជាមុនផ្សេងទៀតត្រូវបានបំពេញ។
មន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់ និងគណៈប្រតិភូអាមេរិក បានចូលជួបនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif ក្នុងទីក្រុង Islamabad នាព្រឹកថ្ងៃសៅរ៍ ដើម្បីផ្តើមការចរចារគ្នាឆ្ពោះទៅរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ាជាស្ថាពរ។ អនុប្រធានាធិបតីអាមេរិក JD Vance អមដោយបេសកជនសេតវិមាន លោក Steve Witkoff និងកូនប្រសារប្រធានាធិបតី ដូណាល់ ត្រាំ លោក Jared Kushner បានជួបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បន្ទាប់ពីក្រុមប្រតិភូរបស់ខ្លួន។
លោក Sharif បានកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់គណៈប្រតិភូទាំងសងខាង ក្នុងការភ្ជាប់ទំនាក់ទំនងប្រកបដោយការស្ថាបនា ហេីយលោកបានសម្តែងនូវក្តីសង្ឃឹមថា កិច្ចពិភាក្សានេះនឹងដើរតួជាជំហានឆ្ពោះទៅរកសន្តិភាពយូរអង្វែងក្នុងតំបន់។
អ៉ីរ៉ង់បាននិយាយពីមុនថា កិច្ចព្រមព្រៀងស្តីពីការបញ្ចប់ការប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍ ត្រូវតែរួមបញ្ចូលការមិនបង្កកទ្រព្យសម្បត្តិអ៉ីរ៉ង់ ក៏ដូចជាការបញ្ចប់សង្គ្រាមរបស់អ៉ីស្រាអែលប្រឆាំងក្រុមហេសបូឡាលីបង់ ដែលលោក Vance បាននិយាយាថានឹងគ្មានទេក្នុងកិច្ចចរចានៅក្នុងទីក្រុង Islamabad។
ចំណែកខាងអាមេរិកវិញ លោក ត្រាំ ទាមទារឱ្យបើកច្រកសមុទ្រ Hormuz ជាលក្ខខណ្ឌសម្រាប់បទឈប់បាញ់រយៈពេលពីរសប្តាហ៍ ហេីយថាអាទិភាពកំពូលរបស់លោក សម្រាប់កិច្ចចរចានៅទីក្រុង Islamabad គឺ ថា អ៉ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរ៕






