អនុប្រធានាធិបតីអាមេរិក អះអាងថាកិច្ចចរចាចាយពេលជាង ២១ម៉ោង ជាមួយអ៉ីរ៉ង់ បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង (Video inside)
12-04-2026 09:27
(អ៉ីស្លាម៉ាបាដ)៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថាមិនមានកិច្ចព្រមព្រៀងណាមួយជាមួយអ៉ីរ៉ង់នោះទេ បន្ទាប់ពីកិច្ចចរចាក្នុងប្រទេសប៉ាគីស្ថាន ដ្បិតអ៉ីរ៉ង់មិនទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកថានឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមលោក JD Vance កិច្ចចរចាជាមួយអ៉ីរ៉ង់ដែលជាជំនួបទល់មុខជាលើកដំបូងបំផុតរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ចាប់តាំងពីឆ្នាំ១៩៧៩មក បានចំណាយពេលអស់ជាង ២១ម៉ោង ហើយរូបលោកបានទំនាក់ទំនងយ៉ាងជាប់លាប់ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមន្ត្រីដទៃទៀតក្នុងជួររដ្ឋបាលអាមេរិក។ លោក JD Vance បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ប៉ុន្តែជាការពិតនោះគឺយើងចង់ឃើញការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថាពួកគេ (អ៉ីរ៉ង់) នឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ ហើយពួកគេនឹងមិនស្វែងរកឧបករណ៍ដែលជួយឱ្យពួកគេអាចសម្រេចបានយ៉ាងលឿននូវការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ។ ទាំងនេះជាគោលដៅស្នូលរបស់ប្រធានាធិបតីអាមេរិក និងជាអ្វីដែលយើងកំពុងព្យាយាមសម្រេចឱ្យបានតាមរយៈកិច្ចចរចានេះ»។
គួរបញ្ជាក់ថា ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បាននិយាយថាកិច្ចចរចានឹងបន្តធ្វើឡើងនៅថ្ងៃអាទិត្យនេះ ប៉ុន្តែលោក JD Vance មិនបានលើកឡើងពីការចាប់ផ្ដើមកិច្ចចរចាឡើងវិញនោះទេ ហើយក្រុមអ្នកចរចាអាមេរិកនឹងត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ បើតាមប្រភពពីក្រុមអ្នកសម្របសម្រួល លោក JD Vance ព្រមទាំងបេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Jared Kushner បានជួបប្រធានរដ្ឋសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf និងរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi អស់រយៈពេលជាង២ម៉ោង មុននឹងសម្រាកផងដែរ៕







